នាវាដឹករថយន្តជិត ៣,០០០គ្រឿងត្រូវភ្លើងឆេះនៅកណ្តាលសមុទ្រហូឡង់ និងបណ្តាលឲ្យសមាជិកនាវិកម្នាក់បាត់បង់ជីវិត
- BY
- Pheakdey
- July 27, 2023
ហូឡង់៖ នាវាមួយគ្រឿងដែលមានផ្ទុករថយន្តជិត ៣,០០០គ្រឿងបានឆេះនៅកណ្តាលសមុទ្រក្នុងប្រទេសហូឡង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះ។ នាវាមួយគ្រឿងនេះមានឈ្មោះថា Fremantle Highway មានប្រវែង ១៩៩ម៉ែត្រ ជានាវាដែលបានចុះបញ្ជីនៅក្នុងប្រទេសប៉ាណាម៉ា ខណៈហេតុការណ៍ឆេះដ៏កម្រនេះបានកើតឡើងក្នុងអំឡុងពេលដែលនាវាកំពុងធ្វើដំណើរពីប្រទេសអាឡឺម៉ង់ទៅកាន់ប្រទេសអេហ្ស៊ីប។

ប្រភពខាងលើបានបន្តថា ហេតុការណ៍អកុសលខាងលើនេះបានបណ្តាលឲ្យសមាជិកនាវិកម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈសមាជិកនាវិកមួយចំនួនបានរងរបួសក្រោយសម្រេចលោតចេញពីនាវា។ គិតត្រឹមពេលនេះគេនៅមិនទាន់អាចរកឃើញមូលហេតុដែលបង្កឲ្យមានភ្លើងឆេះបាននៅឡើយទេ។ សម្រាប់ស្ថានភាពនៅពេលនេះគឺគេបានមើលឃើញថា ភ្លើងអាចនឹងបន្តឆេះក្នុងរយៈពេលយូរបន្ថែមទៀត ដ្បិតនៅលើនាវានោះមានផ្ទុករថយន្តដើរដោយថាមពលអគ្គិសនីចំនួន ២៥គ្រឿង ដែលអាចបង្កឲ្យមានភ្លើងឆេះងំយូរ ហើយគេក៏ពិបាកធ្វើការពន្លត់ផងដែរ ព្រោះការប្រើទឹកច្រើនដើម្បីពន្លត់ភ្លើងអាចធ្វើនាវាត្រូវលិចចូលទៅក្នុងសមុទ្រតែម្តង៕
Dutch coastguard says Fremantle Highway cargo vessel continues to burn in North Sea, one possible solution is to sink the ship pic.twitter.com/0CzSSMbL04
— TRT World Now (@TRTWorldNow) July 26, 2023
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






