ឥទ្ធិពលព្យុះទីហ្វុង Doksuri បានបង្ខំឲ្យតៃវ៉ាន់ត្រូវបិទសាលារៀន ផ្អាកសកម្មភាពអាជីវកម្ម ពន្យារជើងហោះហើរ ខណៈមនុស្សជាង ៤ពាន់នាក់ត្រូវបានណែនាំឲ្យធ្វើការជម្លៀសខ្លួន
- BY
- Pheakdey
- July 27, 2023
តៃវ៉ាន់៖ ព្យុះទីហ្វុង Doksuri បានកំពុងតែបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅលើកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះ។ បើតាមការិយាល័យអាកាសធាតុរបស់តៃវ៉ាន់បានបញ្ជាក់ថា នៅថ្ងៃទី ២៧នេះ ព្យុះទីហ្វុង Doksuri បានបោកបក់ក្នុងល្បឿន ១៩១គីឡូម៉ែត្រឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងនៃកោះតៃវ៉ាន់។

ប្រភពខាងលើបានបន្តថា ឥទ្ធិពលនៃព្យុះទីហ្វុង Doksuri បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈអាជ្ញាធរតៃវ៉ាន់ក៏បានព្រមានពីលទ្ធភាពនៃការកើតមានទឹកជំនន់ និងបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សផងដែរ។ នៅចំពោះមុខស្ថានភាពអាក្រក់នេះ អាជ្ញាធរតៃវ៉ាន់បានសម្រេចបិទសាលារៀន ផ្អាកសកម្មភាពធ្វើអាជីវកម្មមួយចំនួន ខណៈជើងហោះហើរជាច្រើនត្រូវបានពន្យារពេល។ ជាងនេះទៅទៀតអាជ្ញាធរតៃវ៉ាន់ក៏បានណែនាំឲ្យពលរដ្ឋជាង ៤,០០០នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នសិនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






