រលកកម្តៅបានបណ្តាលឲ្យពលរដ្ឋកូរ៉េខាងត្បូង ១១នាក់បាត់បង់ជីវិត
- BY
- Pheakdey
- July 31, 2023
កូរ៉េខាងត្បូង៖ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរកូរ៉េខាងត្បូងដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដានេះបានឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែរលកកម្តៅក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ កម្រិតកម្តៅដែលបានគំរាមគំហែងដល់អាយុជីវិតពលរដ្ឋនោះគឺកម្រិតសីតុណ្ហភាពចន្លោះពី ៣៣-៣៦ អង្សាសេ។

នៅក្នុងរបាយការណ៍របស់ក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូងបានបញ្ជាក់ថា ពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតនោះគឺភាគច្រើនជាក្រុមពលរដ្ឋដែលមានអាយុលើសពី ៧០ឆ្នាំ ហើយគេបានប្រទះឃើញពួកគេគាត់ស្លាប់នៅក្នុងកសិដ្ឋានតាមបណ្តាខេត្តមួយចំនួនស្ថិតនៅភាគខាងជើងប្រទេសកូរ៉េខាងត្បូង ពោលគឺពួកគាត់ទំនងជាបានស្លាប់ក្រោយព្យាយាមធ្វើការនៅក្រោមកម្តៅថ្ងៃខ្លាំងក្នុងរយៈពេលយូរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ដោយសារតែបញ្ហាសុខភាពហើយ ឥទ្ធិពលនៃរលកកម្តៅក៏បានជម្រុញឲ្យពលរដ្ឋចំនួន ៤នាក់ផ្សេងទៀតបានលង់ទឹកស្លាប់ផងដែរ ក្រោយពួកគេព្យាយាមចុះទៅហែលទឹកលេងដើម្បីគេចចេញពីរលកកម្តៅ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






