អន្តរជាតិ

ពលរដ្ឋឥណ្ឌា ១៧នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថយន្តស្ទូចក្នុងការដ្ឋានសំណង់មួយកន្លែង

BY
Pheakdey
August 1, 2023

ឥណ្ឌា៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ១៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុ​ការណ៍ក្រឡាប់រថយន្តស្ទូចខ្នាតធំមួយគ្រឿងនៅក្នុងការដ្ឋានសាងសង់ផ្លូវល្បឿនលឿនមួយកន្លែងនៅក្បែរទីក្រុងបុមបៃ ប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី១ ខែសីហានេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ នៅមានមនុស្សចំនួន ៣នាក់ផ្សេងទៀតបានរងរ​បួសធ្ងន់និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះទាំងអស់នេះគឺភាគជាច្រើនជាកម្មករសំណង់ ដែលកំពុងធ្វើការនៅក្នុងការដ្ឋានសាងសង់ផ្លូវល្បឿនលឿនខាងលើនេះតែម្តង។ គួរបញ្ជាក់ជូនថា គ្រោះថ្នាក់ដែលបានកើតឡើងនៅក្នុងដ្ឋាន​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​បាន​កើត​មានជារឿយៗនៅក្នុងប្រទេសឥណ្ឌា​ ជាក់ស្តែងកាលពីខែតុលាឆ្នាំមុនមានហេតុការណ៍បាក់ស្ពានដ៏ធំមួយដែលបានប​ណ្តាលឲ្យពលរដ្ឋឥណ្ឌាចំនួន ១៣០នាក់ត្រូវស្លាប់បាត់បង់ជីវិត។ កាលពីឆ្នាំ ២០១៦ ឥណ្ឌាក៏បានជួបប្រទេះនូវហេតុការណ៍បាក់ស្ពានអាកាសដ៏កម្រមួយផងដែរ ដោយហេតុការណ៍អកុសនោះបានផ្តាច់យកជីវិតពលរដ្ឋចំនួន ២៦នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: