គ្រោះរាំងស្ងួតនៅតំបន់ខាងកើតឥណ្ឌូនេស៊ីបានបណ្តាលឲ្យពលរដ្ឋ ៦នាក់បាត់បង់ជីវិត និងជាង ៧ពាន់នាក់កំពុងរស់នៅដោយគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់
- BY
- Pheakdey
- August 2, 2023
ឥណ្ឌូនេស៊ី៖ ខណៈដែរប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីកំពុងប្រឈមនឹងបញ្ហាខ្យល់ព្យុះនិងទឹកជំនន់នោះ ខេត្ត Papua ដែលស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ីឯណោះវិញកំពុងប្រឈមជាមួយនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២ ខែសីហានេះ។ បញ្ហាអាកាសធាតុដ៏អាក្រក់នេះបានផ្តើមវាយប្រហារខេត្ត Papua តាំងតែពីខែមិថុនាមកម្លេះ ហើយរហូតមកទល់នឹងពេលនេះស្ថានភាពបរិកាសនៅមិនទាន់ធូរស្រាលមកវិញនៅឡើយទេ។

បើយោងតាមរបាយការណ៍របស់អាជ្ញាធរឥណ្ឌានេស៊ីបានបង្ហាញថា បញ្ហាគ្រោះរាំងស្ងួតនៅក្នុងខេត្តខាងលើនេះបានបណ្តាលឲ្យមានពលរដ្ឋចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិត ហើយក្នុងនោះក៏មានទាំងទារកផងដែរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ គិតត្រឹមពេលនេះគឺមានពលរដ្ឋជាង ៧,៥០០នាក់ផ្សេងទៀតកំពុងរស់នៅដោយគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចបញ្ជូនជំនួយបន្ទាន់ទៅកាន់តំបន់រងគ្រោះខាងលើនេះជាបន្តបន្ទាប់ ដោយក្នុងនោះមានទាំងចំណីអាហារ និងទឹកបរិសុទ្ធសម្រាប់ញ៉ាំផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






