អន្តរជាតិ

ការសិក្សាបង្ហាញថា៖ AI មានសមត្ថភាពប្រាប់អំពីការកើតមានជំងឺមួយប្រភេទនេះបានលឿនជាងការស្កេនរហូតដល់ ៥០%

BY
Pheakdey
August 2, 2023

បារាំង៖ នាពេលបច្ចុប្បន្ននេះដើម្បីដឹងថាអ្នកណាម្នាក់កើតមានជំងឺមហារីកសុដន់ឬអត់នោះ គឺគេត្រូវការប្រើប្រាស់ឧបករណ៍ស្កេនទំនើបៗសម្រាប់ធ្វើការត្រួតពិនិត្យជាច្រើនដំណាក់កាលពីសំណាក់ក្រុមអ្នកជំនាញផ្នែកវិទ្យុសកម្មនិងការធ្វើរោគវិនិច្ឆ័យពីសំណាក់ក្រុមវេជ្ជបណ្ឌិតឯកទេសយ៉ាងល្អិតល្អន់ទៀតផង។ កិច្ចការដូចបានជម្រាបជូនខាងលើនេះមិនមែនជារឿងងាយស្រួលនោះទេ ហើយវាក៏ត្រូវការពេលវេលាយូរផងដែរ។

យ៉ាងណាក្តី ថ្មីៗនេះមានការសិក្សាមួយបានបង្ហាញថា បច្ចេកវិទ្យា AI (បញ្ញាសប្បនិម្មិត) អាចមានសមត្ថភាពអាន ឬប្រាប់ព័ត៌មានអំពីការកើតមានជំងឺមហារីកសុដន់បានក្នុងរយៈពេលយ៉ាងឆាប់រហ័សបំផុត ពោលគឺលឿនជាង​ដំណើរការនៃការពិនិត្យតាមរបៀបធម្មតាដូចដែលគេកំពុងប្រើប្រាស់សព្វថ្ងៃនេះរហូតដល់ពាក់កណ្តាលឯណោះ។ សូមបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងជាលក្ខណៈសាកល្បងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងប្រទេសបារាំង និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២ ខែសីហានេះ។ គួរបញ្ជាក់ជូនផងដែរថា របាយការណ៍មួយរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា នៅក្នុងឆ្នាំ ២០២២កន្លងទៅនេះមានស្រ្តីនៅជុំវិញពិភពលោកជាង ២,៣លាននាក់បានកើតជំងឺមហារីកសុដន់ ហើយក្នុងនោះមានអ្នកជំងឺចំនួន ៦៨៥,០០០នាក់បានស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: