តៃវ៉ាន់សម្រេចបិទផ្សារ សាលារៀន និងលុបចោលជើងហោះហើរមួយចំនួនជាបន្ទាន់ព្រោះឥទ្ធិពលព្យុះទីហ្វុង Khanun
- BY
- Pheakdey
- August 3, 2023
តៃវ៉ាន់៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហានេះ អាជ្ញាធរតៃវ៉ាន់បានសម្រេចឲ្យធ្វើការបិទផ្សារ សាលារៀន និងផ្អាកសកម្មភាពនៅតាមទីតាំងសំខាន់ៗមួយចំនួនរួមទាំងនៅក្នុងទីក្រុងតៃប៉ិផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងឥទ្ធិពលរបស់ព្យុះទីហ្វុង Khanun ។ បើតាមការិយាល័យអាកាសធាតុតៃវ៉ាន់បានបញ្ជាក់ថា ព្យុះទីហ្វុង Khanun នឹងធ្វើដំណើរក្នុងល្បឿងរហូតដល់ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង និងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភាគខាងជើងកោះតៃវ៉ាន់។

ប្រភពខាងលើបានបន្តថា ភ្លៀងដែលអាចធ្លាក់នៅតំបន់ភាគជើងកោះតៃវ៉ាន់នោះគឺអាចមានកម្រិតរហូតដល់ ០,៦m និងអាចធ្លាក់ជាច្រើនថ្ងៃជាប់គ្នាទៀតផង។ទន្ទឹមនឹងសម្រេចផ្អាកសកម្មភាពអាជីវកម្មនិងសាលារៀន អាជ្ញាធរតៃវ៉ាន់ក៏បានសម្រេចលុបចោលជើងហោះអន្តរជាតិ និងក្នុងស្រុកចំនួន ៣០ជើង និងផ្អាកការធ្វើដំណើរតាមផ្លូវទឹកមួយចំនួនផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានពលរដ្ឋតៃវ៉ាន់ណាម្នាក់បានរងគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






