លោក Elon Musk បានបង្ហើបថា ការប្រកួតដាក់ក្នុងទ្រុងរបស់គាត់ជាមួយលោក Mark Zuckerberg នឹងផ្សាយបន្ដផ្ទាល់នៅលើ X
- BY
- autoadmin
- August 7, 2023
ការប្រកួតប្រដាល់ដាក់ក្នុងទ្រុងរវាងលោក Elon Musk និង Mark Zuckerberg នឹងត្រូវផ្សាយបន្ដផ្ទាល់នៅលើបណ្ដាញសង្គម X នេះបើយោងតាមការប្រកាសរបស់លោក Musk កាលពីពេលថ្មីៗនេះ។ នៅក្នុងការបង្ហោះមួយកាលពីព្រឹកថ្ងៃអាទិត្យ ម្ចាស់បណ្ដាញសង្គមរូបនេះបាននិយាយថា «គាត់កំពុងហាត់លើកទម្ងន់ពេញមួយថ្ងៃ ដើម្បីរៀបចំខ្លួនសម្រាប់ការប្រកួត» ដោយបានបន្ថែមថា «ប្រាក់ចំណូលទាំងអស់នឹងទៅប្រគល់ទៅអង្គការសប្បុរសធម៌ សម្រាប់អតីតយុទ្ធជន»។ យ៉ាងណាក៏ដោយ លោក Musk មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការប្រកួតនៅឡើយទេ។

ចំណែកលោក Zuckerberg ក៏បានឆ្លើយតបទៅលោក Musk តាមរយៈ Threads នៅរសៀលថ្ងៃអាទិត្យថា៖«ហេតុអ្វីយើងមិនប្រើវេទិកាដែលអាចទុកចិត្តបានជាងនេះ ដើម្បីអាចរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌បាន?» លោកបានបន្ថែមថា៖«ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ ខ្ញុំចង់មានការប្រកួតនៅថ្ងៃទី២៦ ខែសីហា នៅពេលដែល (លោក Musk) ណាត់ខ្ញុំលើកដំបូង ប៉ុន្តែគាត់មិនបានបញ្ជាក់ពីពេលវេលាទេ»។ រំលឹកដែរថា កាលពីខែមិថុនា មហាសេដ្ឋីបច្ចេកវិទ្យាទាំង ២នាក់ បានយល់ព្រមគ្នាក្នុងការចូលរួមប្រកួតប្រដាល់គ្នាដាក់ក្នុងទ្រុង ដូចនឹងការប្រកួតនៅសង្វៀន UFC។ ប៉ុន្តែរហូតមកទល់ពេលនេះ មហាសេដ្ឋីទាំង ២ មិនទាន់បានកំណត់ពេលវេលានៃការប្រកួតឡើយ បើទោះបីជាពួកគេបានបង្ហាញរូបភាពហាត់សម ដើម្បីត្រៀមខ្លួនក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






