អន្តរជាតិ

ពលរដ្ឋព័រទុយហ្គាល់ជាង ១,៤០០នាក់បានធ្វើការជម្លៀសខ្លួនជាបន្ទាន់ ក្រោយអគ្គីភ័យបានលេបត្របាក់តំបន់ព្រៃនៅភាគខាងត្បូងប្រទេសយ៉ាងឆាប់រហ័ស

BY
Pheakdey
August 8, 2023

ព័រទុយហ្គាល់៖ អគ្គីភ័យបានកំពុងតែលេបត្របាក់តំបន់ព្រៃដែលស្ថិតនៅភាគខាងត្បូងប្រទេសព័រទុយហ្គាល់យ៉ាងសន្ធោសន្ធៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៨ ខែសីហានេះ។ ភ្លើងបានចាប់ផ្តើមឆេះចេញពីក្រុង Odemira ក្នុងតំបន់ Alentejo និង​បន្តរាលដាលទៅកាន់តំបន់ភាគខាងត្បូង Algarve យ៉ាងឆាប់រហ័ស ខណៈតំបន់នេះគឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយរបស់ព័រទុយហ្គាល់ផងដែរ។

នៅចំពោះមុនស្ថានភាពបន្ទាន់នេះ អាជ្ញាធរព័រទុយហ្គាល់បានដាក់ពង្រាយក្រុមអ្នកពន្លត់អគ្គីភ័យចំនួន ៨០០នាក់ ដើម្បីជួយពន្លត់ភ្លើងកុំឲ្យឆេះរាលដាលទៅកាន់តំបន់សំខាន់ៗមួយចំ​នួនបន្ថែមទៀត ខណៈអាជ្ញាធរក៏បានទាញសញ្ញាអាសន្នមួយដាស់តឿនឲ្យពលរដ្ឋ ដែលកំពុងរស់នៅក្បែរតំបន់កើតហេតុត្រូវបង្កើតការប្រុងប្រយ័ត្នផងដែរ។ បើតាមអាជ្ញាធរព័រទុយហ្គាល់បានឲ្យដឹងថា គិតត្រឹមពេលនេះគឺមានពលរដ្ឋជាង ១,៤០០០នាក់បានសម្រេចធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នដើម្បីគេចចេញពីគ្រោះថ្នាក់ណាមួយដែលអាចកើតមានឡើងដោយយថាហេតុ ខណៈគេនៅមិនទាន់រកឃើញមានជនរងគ្រោះណាម្នាក់ត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: