ឆ្លាមមួយក្បាលចេញមកវាយប្រហារស្រ្តីម្នាក់ដែលកំពុងហែលទឹកនៅឆ្នេរសមុទ្រក្នុងក្រុងញូវយ៉ក ដែលជាករណីកម្រកើតមានបំផុតក្នុងរយៈពេលជាច្រើនរយឆ្នាំចុងក្រោយនេះ
- BY
- Pheakdey
- August 9, 2023
អាមេរិក៖ ស្រ្តីម្នាក់ត្រូវបានត្រីឆ្លាមចេញមកខាំក្នុងអំឡុងពេលចុះទៅលេងទឹកសមុទ្រនៅក្នុងឆ្នេរ Rockaway ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលនេះជាគ្រោះថ្នាក់ដ៏កម្របំផុតមិនធ្លាប់កើតមាននោះទេក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៩ ខែសីហានេះបានបញ្ជាក់ថា ស្រ្តីរងគ្រោះមានឈ្មោះថា Tatyana Koltunyuk អាយុ ៦៥ឆ្នាំ ហើយក្នុងអំឡុងពេលត្រូវត្រីឆ្លាមខាំនោះគឺគាត់កំពុងតែហែលទឹកលេងតែម្នាក់ឯងប៉ុណ្ណោះ។
ប្រភពខាងលើបានបន្តថា ក្រោយពេលត្រូវត្រីឆ្លាមខាំត្របាក់ លោកស្រី Tatyana Koltunyuk បានស្រែកឲ្យគេជួយ ហើយពេលនោះឆ្មាំសមុទ្រក៏បានចុះទៅធ្វើអន្តរាគមន៍ភ្លាមៗ និងអាចជួយសង្គ្រោះជីវិតគាត់បានទាល់ពេលវេលាផងដែរ។ យ៉ាងណាក្តី លោកស្រី Tatyana Koltunyuk បានរងរបួសជើងឆ្វេងយ៉ាងឆ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យផងដែរ។ គួរបញ្ជាក់ជូនថា តាមធម្មតានៅតំបន់ឆ្នេរសមុទ្រដែលគេបើកឲ្យសាធារណជនចុះទៅកំសាន្តនោះគឺត្រូវគេដាក់ប្រព័ន្ធត្រួតពិនិត្យ និងការពារសត្វសាហាវយ៉ាងហ្មត់ចត់ ហើយសម្រាប់នៅក្នុងសម័យដ៏ជឿនលឿននេះវាគឺជារឿងដ៏កម្របំផុត ដែលមានត្រីឆ្លាមអាចចេញមកវាយប្រហារមនុស្សដល់មាត់ឆ្នេរដូចនៅក្នុងខ្សែភាពយន្តហូលីវូដនោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






