អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះក្រុង Hawaiian នៅអាមេរិកកើនឡើងដល់ ៥៣នាក់ ខណៈរាប់ពាន់ត្រូវជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
August 11, 2023

អាមេរិក៖ ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅក្នុងក្រុង Hawaiian សហរដ្ឋអាមេរិកបានកើនឡើងដល់ ៥៣នាក់ហើយ នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរអាមេរិកដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហានេះ។ អ្វីដែលកាន់តែអាក្រក់នោះគឺអាជ្ញាធរអាមេរិកបានបញ្ជាក់ថា តួលេខអ្នកស្លាប់អាចបន្តកើនឡើងផងដែរ ដ្បិតគិតត្រឹមពេលនេះគឺនៅមានអ្នករងរបួសធ្ងន់ធ្ងរ និងអ្នកកំពុងបាត់ខ្លួនជាច្រើននាក់ផ្សេងទៀត។គួររម្លឹកជូនថា ក្រុង Hawaiian គឺជាក្រុងទេសចរណ៍ប្រវត្តិសាស្រ្តដ៏មានសក្តានុពលមួយរបស់សហរដ្ឋអាមេរិក ហើយឥទ្ធិពលរបស់ភ្លើងឆេះព្រៃបានបន្តរាលដាលនិងលេបត្របាក់ទីក្រុងមួយនេះអស់ប្រមាណជា ៨០%។ គិតត្រឹមពេលនេះអគ្គីភ័យបានបំផ្លាញអគារនៅក្នុងក្រុងអស់ជាង​១,៧០០កន្លែង ខណៈពលរដ្ឋរាប់ពាន់នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់។ សូមបញ្ជាក់ជូនថា ដើម្បីគេចចេញពីអគ្គីភ័យខាងលើនេះមានពលរដ្ឋជាង ១០០នាក់បានសម្រេចលោតចូលក្នុងទឹកសមុទ្រ ខណៈគិតត្រឹមពេលនេះអាជ្ញាធរអាមេរិកទើបតែជួយស្រង់មនុស្សចេញពីក្នុងសមុទ្របានត្រឹម ៥០នាក់ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: