ការសិក្សាមួយបង្ហាញថា អត្រាពលរដ្ឋកើតថ្មីនៅប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងបំផុតកាលពីឆ្នាំ ២០២២
- BY
- Pheakdey
- August 16, 2023
ចិន៖ អត្រាកំណើត ឬអត្រាកូនកើតថ្មីនៅក្នុងប្រទេសចិនបានធ្លាក់ចុះចំនួន ១,០៩% កាលពីឆ្នាំ ២០២២ កន្លងទៅ នេះបើយោងតាមការសិក្សាមួយដែលត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវប្រជាជននិងអភិវឌ្ឍន៍ចិន និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១៦ ខែសីហានេះ។ ការសិក្សានេះត្រូវបានធ្វើឡើងនៅក្នុងចំណោមពលរដ្ឋដែលមានលទ្ធិភាពអាចបង្កើតកូនបានជាច្រើនលាននាក់នៅក្នុងប្រទេសចិន ពោលគឺមិនរាប់បញ្ចូលពលរដ្ឋចិន ដែលកំពុងរស់នៅក្រៅប្រទេសនោះទេ។

ប្រភពខាងលើបានបន្តថា ការធ្លាក់ចុះខាងលើនេះគឺជាអត្រាធ្លាក់ចុះនៃចំនួនប្រជាជនកើតថ្មីក្នុងកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មាននោះទេ ចាប់តាំងពីរដ្ឋាភិបាលចិនបានផ្តើមអនុវត្តគោលនយោបាយលើកទឹកចិត្តឲ្យពលរដ្ឋយកកូនឲ្យបានច្រើនមក។ គួរបញ្ជាក់ជូនថា ជាច្រើនឆ្នាំចុងក្រោយនេះរដ្ឋាភិបាលចិនបានសម្រេចដាក់ចេញគោលនយោបាយជាតិជាច្រើនដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនយកកូនឲ្យបានច្រើន ដូចជាលុបចោលច្បាប់ពលរដ្ឋមួយគ្រួសារត្រូវយកកូនតែម្នាក់ បន្ថែមប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលកូន និងផ្តល់ប្រាក់ឧបត្ថម្ភឲ្យក្មេងតូចទៅសាលារៀនជាដើម។ យ៉ាងណាក្តី ដោយសារតែស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្នហាក់មានការធ្លាក់ចុះ ពលរដ្ឋជាច្រើននៅតែសម្រេចចិត្តមិនទាន់យកកូននោះទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






