អន្តរជាតិ

អាមេរិកគ្រោងជំរុញឲ្យពលរដ្ឋខ្លួនទាំងអស់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ បន្ថែមមួយដូសទៀត ក្រោយករណីឆ្លងថ្មីមានការកើតឡើងខ្ពស់

BY
Pheakdey
August 21, 2023

អាមេរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន គ្រោងនឹងធ្វើការជម្រុញឲ្យពលរដ្ឋអាមេរិកទាំងអស់ទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដូសជម្រុញបន្ថែមចំនួន​ ១ដូសទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ​ ទី២១ ខែសីហានេះ។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា គម្រោងជម្រុញឲ្យពលរដ្ឋគ្រប់រូបមកទទួលយកវ៉ាក់សាំងកូវីដ-១៩ បន្ថែមទៀតនេះគឺត្រូវបានធ្វើឡើងក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅសហរដ្ឋមេរិកហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។

បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិកបានបញ្ជាក់ថា ក្រៅតែពីបានកត់សម្គាល់អំពីការកើនឡើងនៃចំនួនអ្នកឆ្លងថ្មីហើយ​ ក្រុមអ្នកជំនាញក៏បានរកឃើញថា មេរោគនៃកូវីដ-១៩បានបន្តបំប្លែងខ្លួនទៅជាមេរោគថ្មីមួយចំនួនប​ន្ថែមទៀតផងដែរ ហើយក្នុងនោះមេរោគបំប្លែងខ្លួនថ្មីដែលគេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតគឺមេរោគបំប្លែងខ្លួនប្រភេទ XBB.1.5។ សូមបញ្ជាក់ថា​ បើទោះជំងឺកូវីដ-១៩ លែងជាជំងឺបង្កការគំរាមគំហែងពិភពលោកខ្លាំងដូចមុនក៏ដោយ តែជំងឺនេះនៅតែបន្តចម្លងទៅកាន់មនុស្សជាច្រើននៅជុំវិញពិភពលោក ខណៈភាគច្រើននៃអ្នកឆ្លងជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះគឺបានកើតមានអាការៈកម្រិតស្រាលបំផុត ពោលគឺដូចការកើតជំងឺផ្តាសាយធម្មតាអីចឹងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: