អន្តរជាតិ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ៉ា បានធ្វើដំណើរទៅដល់ប្រទេសថៃវិញហើយ​ ក្រោយនិរទេសខ្លួនអស់រយៈពេល​ ១៥ឆ្នាំ

BY
Pheakdey
August 22, 2023

ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានវិលត្រលប់មកកាន់មាតុប្រទេសវិញហើយនៅក្នុងថ្ងៃអង្គារ ទី២២ ខែសីហា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ កាលវិលត្រលប់មកកាន់ទឹកដីថៃវិញនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ឆ្នាំរូបនេះបានធ្វើការនិរទេសខ្លួនទៅរស់នៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ។

ប្រភពខាងលើបានបន្តថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានធ្វើដំណើរតាមយន្តហោះឯកជនពីប្រទេសសិង្ហបុរីមកកាន់ប្រលានយន្តហោះអន្តរជាតិដុនមឿងក្នុងប្រទេសថៃ នៅម៉ោង ៩ ព្រឹកមិញនេះ ខណៈរូបលោកបានបង្ហាញខ្លួនជាសាធារណៈក្នុងរយៈពេលប្រមាណជា ២០នាទីប៉ុណ្ណោះ ក្រោយពេលមកដល់ព្រលានយន្តហោះ។ ក្នុងអំឡុងពេលបង្ហាញខ្លួនជាសាធារណៈនោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ ក៏បានអញ្ជើញទៅគោរពរូបសំណាក់ព្រះមហាក្សត្រថៃដែលគេដាក់តាំងនៅមុខព្រលានយន្តហោះផងដែរ ខណៈរូបលោកនៅមិនទាន់ធ្វើសន្និសិទ្ធកាសែតជាលក្ខណៈផ្លូវការណាមួយនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: