ថៃគ្រោងផ្តល់សេវាពិនិត្យសុខភាពទារកទើបនឹងកើតដោយមិនគិតថ្លៃ ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនសម្រេចចិត្តយកកូនឲ្យបានច្រើន
- BY
- Pheakdey
- August 25, 2023
ថៃ៖ រដ្ឋាភិបាលថៃគ្រោងនឹងអនុវត្តកម្មវិធីផ្តល់ជូនសេវាពិនិត្យសុខភាពទារកទើបនឹងកើតដោយមិនគិតថ្លៃ ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនសម្រេចចិត្តមានកូន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ នៅក្នុងកម្មវិធីផ្តល់ជូនពិសេសខាងលើនេះនឹងគ្របដណ្តប់លើការពិនិត្យសុខភាពទារកចំនួន ២៤មុខផ្សេងគ្នា រួមទាំងសេវាបញ្ចូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យឯកទេសដោយមិនគិតថ្លៃផងដែរក្នុងករណីដែលអ្នកជំងឺមានបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយ។
ប្រភពខាងលើបានបន្តថា ការសម្រេចដាក់ចេញកម្មវិធីខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយអាជ្ញាធរថៃបានរកឃើញថា អាត្រាកំណើត ឬអត្រាពលរដ្ឋកើតថ្មីនៅក្នុងប្រទេសថៃមានការធ្លាក់ចុះ ហើយបើនិន្នាការធ្លាក់ចុះនេះនៅតែបន្តកើតមានក្នុងរយៈពេលយូរទៀត គឺថៃអាចប្រឈមនឹងបញ្ហាមានពលរដ្ឋចាស់ជរាច្រើនជាងពលរដ្ឋពេញវ័យផងដែរ។ គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍មួយរបស់ការិយាល័យសន្តិសុខសុខភាពជាតិថៃបានបង្ហាញថា បើគិតជាមធ្យមនាពេលបច្ចុប្បន្ននេះគឺស្រ្តីជនជាតិថៃម្នាក់មានអាត្រាមានកូនត្រឹមតែ ១,៤នាក់ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






