ហុងកុងសម្រេចបិទទីក្រុងនិងទាញសញ្ញាអាសន្នកម្រិត ៨ ក្រោយមកការមកដល់របស់ព្យុះទីហ្វុង Saola
ហុងកុង៖ អាជ្ញាធរហុងកុងបានសម្រេចបិទទីក្រុងរបស់ខ្លួនជាបណ្តោះអាសន្នហើយ ដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Saola នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញានេះ។ ការសម្រចនេះនឹងនាំឲ្យមានការបិទជាបណ្តោះអាសន្ននូវសាលារៀន ផ្អាកសកម្មភាពអាជីវកម្មមិនសូវចាំបាច់ជាច្រើន ហើយក្នុងនោះផ្សារហ៊ុនដែលមានតម្លៃជាង ៥ទ្រីលានដុល្លារក៏ត្រូវផ្អាកជាបណ្តោះអាសន្នផងដែរ។

ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងការសម្រេចបិទទីក្រុងអាជ្ញាធរក្រុងហុងកុងក៏បានទាញសញ្ញាអាសន្នកម្រិត ៨ មួយផងដែរ កាលពីម៉ោង ២ និង ៤០ នាទី ព្រឹកថ្ងៃសុក្រនេះ ដើម្បីឲ្យពលរដ្ឋត្រៀមការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ តាមការព្យាករណ៍ ព្យុះទីហ្វុង Saola នឹងត្រូវធ្វើដំណើរឆ្លងកាត់ទីក្រុងហុងកុងចំនួន ២ថ្ងៃ គឺនៅថ្ងៃសុក្រ និងថ្ងៃសោរ៍សប្តាហ៍នេះ ហើយឥទ្ធិពលរបស់ព្យុះអាចបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងបង្កទៅជាទឹកជំនន់យ៉ាងឆាប់រហ័សផងដែរ។ គួរបញ្ជាក់ជូនថា សញ្ញាអាសន្នកម្រិត ៨គឺជាសញ្ញាអាសន្នកម្រិតដ៏ខ្ពស់មួយ ខណៈកម្រិតខ្ពស់បំផុតគឺកម្រិត ១០៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time