អន្តរជាតិ

របាយការណ៍មួយបង្ហាញថា ករណីលួចទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅអាមេរិកកើនឡើង ១២០%នៅក្នុងឆ្នាំនេះ ខណៈកាលពីថ្ងៃមុនករណីចោរកម្មនេះបានធ្វើឲ្យមានការខាតបង់ប្រាក់ជាង ៩៤ពាន់លានដុល្លារ

BY
Pheakdey
September 4, 2023

អាមេរិក៖ វិបត្តិសេដ្ឋកិច្ចសកលកំពុងតែបង្កឲ្យមានបញ្ហាសង្គមជាច្រើននៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក មិនថាក្រុមប្រទេសដែលមានប្រាក់ចំណូលមធ្យម ឬក្រុមប្រទេសដែលមានប្រាក់ចំណូលខ្ពស់នោះទេ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី​៤ ខែកញ្ញានេះបានឲ្យដឹងថា ករណីលួចទំនិញប្រើប្រាស់ប្រចាំថ្ងៃកំពុងកើតមានយ៉ាងសកម្មនៅតាមហាងលក់រាយក្នុងសហរដ្ឋអាមេរិក ខណៈទំនិញដែលជាគោលដៅរបស់ក្រុមចោរលួចនោះមានដូចជា ថ្នាំដុសធ្មេញ សូកូឡា សាប៊ូដុខ្លួន ម្សៅសាប៊ូ ថ្នាំបាញ់បំបាត់ក្លិនអាក្រក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗមួយចំនួនទៀត។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមករណីលួចសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃខាងលើនេះ មានករណីខ្លះក៏ឈានដល់ការប្រើប្រាស់អំពីហិង្សាផងដែរ ពោលគឺជាការគំរាមគំហែងដោយហិង្សាពីសំណាក់ក្រុមចោរមកកាន់ក្រុមអ្នកលក់។ បើតាមការសិក្សាមួយរបស់សហព័ន្ធលក់រាយជាតិអាមេរិកបានរកឃើញថា នៅក្នុងឆ្នាំ ២០២២កន្លងទៅ ករណីលួចទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅទូទាំងអាមេរិកបានធ្វើឲ្យមានការខាតបង់ប្រាក់របស់ក្រុមអ្នកលក់រាយសរុបចំនួន ៩៤,៥ពាន់លានដុល្លារ​ ខណៈនៅក្នុងរយៈពេល ៥ខែដំបូងនៅក្នុងឆ្នាំ ២០២៣នេះ ករណីលួចទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅអាមេរិកបានកើតឡើងរហូតដល់ ១២០%ឯណោះ។ នៅចំពោះមុខបញ្ហានេះក្រុមហ៊ុនលក់រាយធំៗនៅសហរដ្ឋអាមេរិកដូចជាក្រុមហ៊ុន Walgreens, CVS, Walmart, Home Depot និងក្រុមហ៊ុន Target សុទ្ធតែបានបង្ហាញនូវក្តីបារម្ភក្នុងកម្រិតដ៏ខ្ពស់មួយ ខណៈអាជ្ញាធរអាមេរិកហាក់មិនអាចដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាពខ្ពស់នោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: