អន្តរជាតិ

ជប៉ុនសម្រេចប្រើប្រាស់កញ្ចប់ថវិការហូតដល់ជាង ៦៨០លានដុល្លារដើម្បីជួយគាំទ្រដល់ក្រុមអ្នកនេសាទ ក្រោយប្រទេសចិនផ្អាកនាំចូលគ្រឿងសមុទ្រពីប្រទេសខ្លួន

BY
Pheakdey
September 5, 2023

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ប្រាក់ចំនួន ២០,៧ ពាន់លានយេន (១៤១,៤១ លានដុល្លារអាមេរិក)បន្ថែមទៀត ដើម្បីជួយគាំទ្រក្រុមអ្នកនេសាទសមុទ្រនៅក្នុងប្រទេសខ្លួន ក្រោយប្រទេសចិនបានសម្រេចផ្អាកធ្វើការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌​មាន Channel News Asia។ គួររម្លឹកជូនថា នាពេលកន្លងមករដ្ឋាភិបាលជប៉ុនធ្លាប់បានអនុម័តកញ្ចប់ថវិកាចំនួន ៨០ពាន់លានយេន (៥៤៤,៩៤ លានដុល្លារអាមេរិក) ម្តងរួចហើយសម្រាប់ប្រើប្រាស់ក្នុងគោលបំណងដូចគ្នានេះ។

ដូច្នេះគិតត្រឹមពេលនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចប្រើប្រាស់កញ្ចប់ថវិកាសរុបរហូតដល់ ១០០,៧ពាន់លានយេន (៦៨៥,៩៥ លានដុល្លារអាមេរិក) ហើយសម្រាប់ជួយគាំទ្រក្រុមអ្នកនេសាទសមុទ្រនៅទូទាំងប្រទេសជប៉ុន។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ទឹកប្រាក់ខាងលើនេះនឹងត្រូវបែងចែកជាកញ្ចប់តូចៗជាច្រើនទៀតសម្រាប់​ប្រើប្រាស់ក្នុងគោលបំណងបង្កើតទីផ្សារថ្មីចំពោះផលិតផលគ្រឿងសមុទ្រជប៉ុន និងប្រើប្រាស់សម្រាប់រក្សាទុកនូវផលិតផលិតគ្រឿងសមុទ្រដែលនេសាទបានរួចហើយឲ្យនៅមានគុណភាពបានយូរ ពោលគឺអាចរក្សាទុករហូតដល់វាមានទីផ្សារឡើងវិញ។ សូមបញ្ជាក់ជូនថា ប្រទេសចិនបានសម្រេចផ្អាកនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុនក្រោមហេតុផលថា ជប៉ុនបានផ្តើមបង្ហូរទឹកវិទ្យុសកម្មនៅរោងចក្រផលិតថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ ដែលអាចធ្វើឲ្យប៉ះពាល់ដល់គុណភាពគ្រឿងសមុទ្រសម្រាប់ទទួលទាន៕

 អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: