អន្តរជាតិ

អ្នកជំនាញផ្នែកចិត្តវិទ្យាព្រមានថា៖ បញ្ហាសុខភាពផ្លូវចិត្តក្នុងចំណោមគ្រូបង្រៀនអាចធ្វើឲ្យវិស័យអប់រំកូរ៉េខាងត្បូងដួលរលំ

BY
Pheakdey
September 5, 2023

កូរ៉េខាងត្បូង៖ ក្រុមអ្នកជំនាញផ្នែកចិត្តវិទ្យាបានព្រមានថា បញ្ហាសុខភាពផ្លូវចិត្តនៅក្នុងចំណោមក្រុមគ្រូបង្រៀននៅកូរ៉េខាងត្បូងអាចធ្វើឲ្យវិស័យអប់រំកូរ៉េខាងត្បូងដួលរលំបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៥ ខែកញ្ញានេះ។ សេចក្តីព្រមាននេះត្រូវបានធ្វើឡើងក្រោយគេបានរកឃើញថា នៅក្នុងរយៈពេល ៦ខែចុងក្រោយនេះមានបញ្ហាជាច្រើនបានកើតមានគួរឲ្យកត់សម្គាល់ចំពោះក្រុមគ្រូបង្រៀននៅកូរ៉េខាងត្បូងជាច្រើនរូប ដោយមានទាំងការកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងការធ្វើអត្តឃាតផងដែរ។

យោងតាមការសិក្សាមួយរបស់សហព័ន្ធសហជីពការងារគ្រូបង្រៀន (Federation of Teachers Labour Unions) កូរ៉េខាងត្បូងដែលបានធ្វើការស្ទង់មតិក្រុមគ្រូបង្រៀនចំនួន ១១,០០០នាក់បានបង្ហាញថា ២៦,៦% នៃពួកគាត់គឺសុទ្ធតែបានទៅមន្ទីរពេទ្យដើម្បីស្វែងរកសេវាព្យាបាលបញ្ហាផ្លូវចិត្តនៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។​ ក្នុងការសិក្សាដដែលនេះក៏បានបង្ហាញផងដែរថា បើគិតក្នុងរយៈពេលចន្លោះពីឆ្នាំ ២០១៨ មកដល់ឆ្នាំ ២០២៣ គឺមានគ្រូបង្រៀននៅសាលារដ្ឋទូទាំងប្រទេសសកូរ៉េខាងត្បូងចំនួន ១០០នាក់បានធ្វើអត្តឃាត ហើយនៅក្នុងនោះមាន ១១ករណីបានកើតឡើងនៅក្នុងឆ្នាំ ២០២៣នេះតែម្តង។ សូមបញ្ជាក់ផងដែរថា កត្តាចម្បងដែលធ្វើឲ្យគ្រូបង្រៀននៅក្នុងប្រទេសកូរ៉េខាងត្បូងមានបញ្ហាផ្លូវចិត្តគឺមានដូចជា សម្ពាធការងារ និងការប្តឹងតវ៉ាផ្សេងៗពីសំណាក់អាណាព្យាបាលសិស្ស៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: