ចិនកំពុងពិចារណាអនុវត្តច្បាប់ពិន័យអ្នកស្លៀកពាក់មានលក្ខណៈ “ធ្វើឲ្យប៉ះពាល់ដល់ស្មារតីសាធារណជន” ជាទឹកប្រាក់ជាង ៦៨០ដុល្លារ
- BY
- Pheakdey
- September 6, 2023
ចិន៖ ប្រទេសចិនកំពុងពិចារណាអនុវត្តច្បាប់ថ្មីមួយសម្រាប់ធ្វើការហាមឃាត់និងដាក់ពិន័យចំពោះបុគ្គលទាំងឡាយណាដែលស្លៀកសំលៀកបំពាក់មានលក្ខណៈ “ធ្វើឲ្យប៉ះពាល់ដល់ស្មារតីសាធារណជន” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៦ ខែកញ្ញានេះ។ យ៉ាងណាក្តី អាជ្ញាធរចិននៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេថា សំលៀកបំពាក់ប្រភេទណាខ្លះដែលត្រូវបានចាត់ទុកជាសំលៀកបំពាក់ធ្វើឲ្យប៉ះពាល់ដល់ស្មារតីសាធារណៈជននោះ។

តាមគម្រោងគឺជាអាជ្ញាធរចិនធ្វើការផាកពិន័យជនណា ដែលបានស្លៀកពាក់សំលៀកបំពាក់ធ្វើឲ្យប៉ះពាល់ដល់ស្មារតីសាធារណជនជាទឹកប្រាក់ចំនួន ៥,០០០យន់ (៦៨៥ដុល្លារអាមេរិក) ឬជាប់គុករយៈពេល ១៥ថ្ងៃ។ ប្រភពខាងលើបានបន្តថា ពលរដ្ឋចិនមួយចំនួនបានសម្តែងនូវការមិនពេញចិត្តនោះចំពោះគម្រោងអនុវត្តច្បាប់ខាងលើនេះ ខណៈគេនៅមិនទាន់ដឹងច្បាស់ថា អាជ្ញាធរចិននឹងផ្តើមអនុវត្តច្បាប់ខាងលើនេះនៅពេលណានោះទេ។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០២២កន្លងទៅ អាជ្ញាធរក្រុងសៀងហៃធ្លាប់បានឃាត់ខ្លួនស្រ្តីជនជាតិចិនម្នាក់ ដែលបានស្លៀកសំលៀកបំពាក់បុរាណជប៉ុននៅទីសាធារណៈក្រោមហេតុផលថា ការស្លៀកពាក់នោះគឺមិនសមរម្យសម្រាប់សង្គមចិននោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






