ការសិក្សាមួយបង្ហាញថា៖ ជំនន់ទឹកភ្លៀងដែលកំពុងបង្កការគំរាមគំហែងនៅហុងកុងនឹងធ្វើឲ្យទីក្រុងមួយនេះត្រូវខាតបង់ប្រាក់ជាង ១០០លានដុល្លារ
ហុងកុង៖ ជំនន់ទឹកភ្លៀងនៅក្នុងទីក្រុងហុងកុងបានបង្ខំឲ្យសកម្មភាពអាជីវកម្មជាច្រើនត្រូវផ្អាកដំណើរការ ខណៈហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងទីក្រុងត្រូវរងនូវការបំផ្លាញយ៉ាងឆ្ងន់ធ្ងរផងដែរ។ នៅចំពោះមុខបញ្ហាប្រឈមនេះក្រុមហ៊ុនស្រាវជ្រាវនិងវិភាគ Bloomberg Intelligence បានធ្វើការព្យាករណ៍ថា ទីក្រុងហុងកុងអាចនឹងខាតបង់ប្រាក់រហូតដល់ជាង ១០០លានដុល្លារអាមេរិកដោយសារតែគ្រោះធម្មជាតិដ៏កម្រមួយនេះ។

សូមបញ្ជាក់ជូនថា ជំនន់ទឹកភ្លៀងដែលកំពុងបង្កការគំរាមគំហែងនៅក្នុងទីក្រុងហុងកុងនៅពេលនេះគឺបានបង្កឡើងដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Haikui ខណៈវាគឺជាជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុតមិនធ្លាប់មាននោះទេ បើគិតក្នុងរយៈពេល ១៤០ឆ្នាំចុងក្រោយនេះ។ គិតត្រឹមពេលនេះគេបានរកឃើញពលរដ្ឋហុងកុងចំនួន ៨៣នាក់បានរងនូវគ្រោះថ្នាក់ ខណៈក្នុងនោះមាន ៣នាក់បានរងរបួសធ្ងន់ធ្ងរផងដែរ។ យ៉ាងណាក្តី គេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះរហូតដល់ត្រូវបាត់បង់ជីវិតនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time