អាជ្ញាធរជាតិអប្សរា រំពឹងថា វង់ទស្សនាថ្មីនៅប្រាសាទភ្នំបាខែង នឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែមានកន្លែងទស្សនាច្រើន
- September 9, 2023
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានរៀបចំវង់ទស្សនាថ្មី នៅប្រាសាទភ្នំបាខែង ដើម្បីឲ្យអ្នកទេសចរ ដែលនិយមទស្សនាថ្ងៃរះ និងថ្ងៃរៀបលិច មានជំរើសកាន់តែច្រើន។

ប្រធានភ្នាក់ងារទេសចរណ៍ នៅប្រាសាទភ្នំបាខែងលោក ហ៊ុត សុភាព មានប្រសាសន៍ថា ការរៀបចំវង់ទស្សនាថ្មីនេះ គឺចាប់ពីជើងភ្នំរហូតដល់លើប្រាសាទតែម្តង។ ចំពោះខ្សែទស្សនា គឺភ្ញៀវទេសចរអាចដើរទស្សនាតាំងពីជើងភ្នំ ហើយនៅពេលហត់ ភ្ញៀវក៏អាចឈប់សម្រាកតាមផ្លូវសុវត្ថិភាព ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងជាច្រើន ហើយកន្លែងទាំងនោះ សុទ្ធតែអាចផ្តិតយករូបភាពនានា ដូចជាគោលដៅទី១ អាចថតប្រាសាទបក្សីចាំក្រុង គោលដៅទី២ នៅចង្កេះភ្នំ គឺមានរានហាលសម្រាប់ឱ្យភ្ញៀវអាចទស្សនាទេសភាពបារាយណ៍ខាងលិចទាំងមូល ឯខ្សែទស្សនាបន្តបន្ទាប់ពេលទៅដល់លើភ្នំ មានរានហាលមួយទៀត សម្រាប់ឱ្យទេសចរទស្សនាថ្ងៃរះ និងថ្ងៃលិចជាដើម។
លោក ហ៊ុត សុភាព ឱ្យដឹងទៀតថា បន្ទាប់ពីភ្ញៀវឡើងទៅដល់កំពូលភ្នំ គឺនៅមានខ្សែទស្សនាបន្តទៀត ដោយភ្ញៀវអាចដើរទស្សនាទៅតាមវង់ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំមានកន្លែងសំខាន់ៗមួយចំនួនទៀតដូចជា រៀបចំឱ្យភ្ញៀវអាចមើលឃើញកំពូលប្រាសាទអង្គរវត្ត ឱ្យភ្ញៀវទៅទស្សនាពុទ្ធបាទ រួចតម្រង់ឡើងទៅលើភ្នំតែម្ដងចាប់ពីទិសខាងកើត។
ការណ៍ដែលអាជ្ញាធរជាតិអប្សរារៀបចំវង់ទស្សនាបែបនេះ គឺក្នុងបំណងចង់ឱ្យភ្ញៀវទេសចរអាចទទួលបាននូវបទពិសោធន៍ច្រើន តាំងពីការចាប់ផ្ដើមដើរឡើងភ្នំរហូតដល់លើកំពូលភ្នំ មានដូចជា ចង់ឱ្យភ្ញៀវអាចមើលឃើញប្រាសាទបក្សីចាំក្រុង ឃើញទិដ្ឋភាពបារាយណ៍ខាងលិចទាំងមូល ឃើញកំពូលប្រាសាទអង្គរវត្ត ហើយជាពិសេសនោះ គឺពេលភ្ញៀវឡើងដល់កំពូលភ្នំ ពួកគាត់អាចមើលឃើញទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច មើលឃើញទិដ្ឋភាពទីក្រុងសៀមរាប ព្រមទាំងឃើញព្រៃឈើទាំងមូល ដែលស្ថិតនៅជុំវិញភ្នំបាខែងផង។
ក្នុងការរៀបចំវង់ទស្សនាថ្មី អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាពដូចជា ការលះមែកឈើខ្លះៗ រៀបចំផ្លូវដើរជុំវិញប្រាសាទឱ្យស្អាត ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារកន្លែងមានហានិភ័យ ដើម្បីការពារសុវត្ថិភាពអ្នកទេសចរទាំងឡាយ។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏សំណូមពរដល់ភ្ញៀវទេសចរ ឬមគ្គទេសក៍ទេសចរណ៍ឱ្យនាំភ្ញៀវដើរទស្សនាតាមទិសដៅដែលបានរៀបចំ ដើម្បីឱ្យពួកគាត់បានឃើញនូវអ្វីដែលថ្មីៗ និងមានភាពស្រស់ស្អាតទាំងនោះផងដែរ។
ជារាងរាល់ល្ងាចភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែទៅទស្សនាថ្ងៃលិចនៅលើប្រាសាទភ្នំបាក់ខែង ទាំងរដូវវស្សា និងរដូវប្រាំង តើក្រៅពីការទស្សនាថ្ងៃលិចដ៏ស្រស់ស្អាតនេះ ភ្ញៀវទេសចរអាចទស្សនាអ្វីបានខ្លះ នៅលើភ្នំបាក់ខែងនេះ?
លោក ហ៊ុត សុភាព បានឱ្យដឹងថា ប្រាសាទភ្នំបាក់ខែង គឺជាចំណុចដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរមកទស្សនាថ្ងៃរះ និងថ្ងៃលិច ដោយបច្ចុបុ្បន្នជាដូវវស្សាក្នុង១ថ្ងៃមានភ្ញៀវទេសចរមកទស្សនាថ្ងៃលិចប្រមាណចាប់៤០០ទៅ៥០០នាក់សម្រាប់ថ្ងៃធម្មតា និងប្រមាណជាជាង១ពាន់នាក់ សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ជាមួយគ្នានេះដែរ លោក ហ៊ុត សុភាព ក៏បានសំណូមពរដល់ភ្ញៀវទេសចរ ឬមគ្គទេសក៍ទេសចរណ៍នាំភ្ញៀវដើរទស្សនាតាមទិសដៅដែលអាជ្ញាធរជាតិអប្សរាបានរៀបចំ ដើម្បីឱ្យពួកគាត់បានឃើញនូវដែលថ្មីៗ និងមានភាពស្រស់ស្អាត៕







ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






