ព័ត៌មានជាតិ

នាយមេប៉ុស្តិ៍ឃុំសំព្រោជ ដែលធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ ត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ខណៈអធិការស្រុក ត្រូវដកឲ្យបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្ត

BY
Khmernote Media
September 10, 2023

ខេត្តកំពង់ធំ៖ មន្ដ្រីនគរបាល ដែលត្រូវបានតែងតាំងមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ វាយបំបែកទូមាសប្លន់យកគ្រឿងអលង្ការ នៅផ្សារស្ទោង ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ខណៈអធិការនគរបាលស្រុកស្ទោង ត្រូវបានដកឲ្យទៅបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តជាបណ្ដោះអាសន្ន។ នេះបើយោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗ និងចាត់វិធានការតាមច្បាប់ជាធរមាន មេប៉ុស្ដិ៍បណ្ដេញចេញពីក្របខ័ណ្ឌ និងអធិការ ដកមកបម្រើការងារបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត»។

សូមបញ្ជាក់ផងដែរថា កាលពីព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបញ្ជាដោយផ្ទាល់ឱ្យឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យស្រាវជ្រាវជាមួយ ស្នងការនគរបាលខេត្តកំពង់ធំជាបន្ទាន់ ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ។

ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់តាមគណនីផេកហ្វេសប៊ុកផ្ទាល់យ៉ាងដូច្នេះថា៖ «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។ »

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា៖ « ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ» ៕

សូមរំលឹកថា លោក ហុង សារ៉ុម អតីតចោរប្លន់ទូមាស ធ្លាប់មានប្រវត្តិមិន​ល្អ ជាប់ពាក់ព័ន្ធការប្លន់អ្នកលក់​មាស​​ទាំង​កណ្ដាលថ្ងៃ នៅក្នុងផ្សារស្ទោង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ ដោយអស់គ្រឿងអលង្កា​សរុបជាង១៥០តម្លឹង ម៉ូតូមួយគ្រឿង និងលុយកាក់មួយចំនួនធំផងដែរ ៕

ប្រភព៖freshnews

Share This Post: