ព័ត៌មានជាតិ

កម្លាំងនគរបាល បើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបបានក្រុមក្មេងទំនើង ៤២នាក់ និងដកហូតម៉ូតូ ២៣គ្រឿង នៅក្រុងសិរីសោភ័ណ

BY
Khmernote Media
September 12, 2023

ក្រុងសិរីសោភ័ណ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំ និង បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឲ្យលុបបំបាត់រាល់បទល្មើសក្មេងទំនើង តាមបណ្តាស្រុក-ក្រុង ដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម។

នៅយប់ថ្ងៃទី១០ ខែកញ្ញា ចាប់ពីម៉ោង ២៣៖០០នាទី យប់រហូតដល់ម៉ោង០៤ទៀបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណចំនួន១៨នាក់ និងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចំនួន១០នាក់ បានចេញប្រតិបត្តិការល្បាតទប់ស្កាត់បទល្មើស និងបានពិនិត្យលើក្មេងដើរលេងរំលងអធ្រាត្រ ក្នុងភូមិសាស្ត្រក្រុងបានចំនួន៤២នាក់ ក្នុងនោះស្រី១២នាក់និងម៉ូតូ២៣គ្រឿង។ ក្នុងចំណោមក្មេងទាំង៤២នាក់ស្រី១២នាក់ យើងរកឃើញក្មេងដែលមានការ ពាក់ព័ន្ធបទល្មើសចំនួន០៦នាក់ដូចខាងក្រោម៖

១.ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ០៤នាក់ ស្រី០១នាក់។
២-ពាក់ព័ន្ធបទល្មើសកែច្នៃ បំពង់ស៊ីម៉ាំងម៉ូតូអោយលឺសំលេងខ្លាំង០២នាក់ ស្រី០១នាក់ ម៉ូតូ០២គ្រឿង។

ចំពោះក្មេងទំនើងដែលយើងពិនិត្យមិនមានការពាក់ព័ន្ធនឹងបទល្មើសចំនួន ៣៦នាក់ ស្រី១១នាក់ ត្រូវបានអប់រំ អោយទៅផ្ទះវិញ និងក្មេងដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូអោយលឺសម្លេងខ្លាំងចំនួន០២នាក់ ស្រី០១នាក់ បានអប់រំណែនាំអោយធ្វើការដោះដូរបំពងស៊ីម៉ាំងដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវបំពាក់ដោយក្រុមហ៊ុន ទើបប្រគល់ម៉ូតូអោយប្រើប្រាស់វិញ។

ចំពោះក្មេងដែលមានការពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន សមត្ថកិច្ចយើងបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បី សួរនាំរកអ្នកពាក់ព័ន្ធបន្ត៕

ប្រភព៖ អធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ

Share This Post: