ព័ត៌មានជាតិ

ក្រសួងអប់រំ បញ្ជាក់ថា បេក្ខជនណាដែលយកសៀវភៅ ឬសំណៅឯកសារចូលមណ្ឌលប្រឡង នឹងមិនអនុញ្ញាតឱ្យចូលប្រឡង ហើយត្រូវកំណត់ឱ្យធ្លាក់

BY
Khmernote Media
September 14, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​ខាងមុខ ចំពោះបេក្ខជនដែលនាំយកនូវសៀវភៅ ឬសំណៅឯកសារ​ជាប់ខ្លួន​ចូលមណ្ឌលប្រឡង នឹងមិន​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​ប្រឡង​ឡើយ ហើយ​ក៏​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់។

តាមប្រការ៧ នៃប្រកាស បានបញ្ជាក់ថា បេក្ខជន​ដែលមានសកម្មភាពដូចជា យក​ជាប់នឹងខ្លួននូវ​សៀវភៅ ឯកសារ សំណៅឯកសារ​ចូលក្នុងមណ្ឌលប្រឡង, លាក់ជាប់នឹង​ខ្លួន​​នូវ​សៀវភៅ ឯកសារ ឬសំណៅ​ឯកសារ ឬទូរស័ព្ទ ឬ​ឧបករណ៍អេឡិចត្រូនិក​គ្រប់​ប្រភេទ ត្រូវ​ចាត់ទុកថា មាន​បំណង​លួច​ចម្លង និង​មិន​អនុញ្ញាត​ឱ្យ​ចូលប្រឡងជា​ដាច់ខាត ហើយ​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់ លើក​លែង​តែ​បេក្ខជន​នោះ​ប្រគល់​រាល់សៀវភៅ ឯកសារ ឬ​សំណៅ​ឯកសារ​ឱ្យ​គណៈមេប្រយោគ​មុនចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ហើយ​គណៈ​មេប្រយោគពុំ​ទទួល​ខុសត្រូវ​រាល់​ការ​បាត់បង់​ឡើយ។

ជាមួយគ្នានេះដែរ បើយោង​តាម​ប្រកាស៨ នៃប្រកាស បេក្ខជន​ដែលមានសៀវ​ភៅឯកសារ ឬសំណៅឯកសារ​សរសេរ​រូបមន្ត​លើបន្ទាត់ ឬក្រដាស​ដោយ​ដែកចារ ការ​ចម្លង​រូបមន្ត ឬមេរៀន​នៅ​លើតុទុកជាមុន ការ​សរសេរ​លើបាតដៃ លើភ្លៅ លើទ្រនាប់ជើង លើ​កន្សែងជូតមុខ… ក្នុងបន្ទប់ប្រឡង, ចម្លងសំណៅ​ឯកសារ​ពីអ្នកដទៃ ឬយក​កិច្ច​ការ​អ្នកដទៃ​មក​ដាក់​នៅ​កន្លែង​ដែល​ខ្លួនអង្គុយ, អើតមើលសន្លឹកកិច្ចការអ្នកដទៃ, ប្រើប្រាស់​ទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ​នៅ​ក្នុងបន្ទប់ប្រឡង, អង្គុយ​ខុស​ពីលេខតុរបស់ខ្លួន ដោយ​គ្មាន​ការ​អនុញ្ញាតពីអនុរក្ស ឬរំកិលមក​អង្គុយកៀកអ្នកដទៃ, រំកិលតុមក​អង្គុយ​ជាប់គ្នា ខុសពីប្លង់​កំណត់​ដោយ​គណៈមេប្រយោគ, បង្កលក្ខណៈ ឬផ្តល់​ឱកាស​ឱ្យ​អ្នកដទៃ​ចម្លង, ប្តូរសន្លឹក​កិច្ច​ការ​គ្នា ប្តូរ​ក្រដាសព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ចម្លង​គ្នាជាក់ស្តែង។ ទង្វើទាំងអស់នេះ ត្រូវ​ចាត់ទុកថា ជាអំពើ​លួច​ចម្លង ត្រូវ​បញ្ឈប់​មិន​ឱ្យប្រឡង​បន្ត​ទៀត និង​ត្រូវ​កំណត់​ឱ្យ​ធ្លាក់ជា​ស្វ័យប្រវត្តិ។

សូមបញ្ជាក់ថា បើយោង​តាម​ប្រការ៤ នៃប្រកាស ក្នុង​ដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុបឆ្នាំ​២០២៣នេះ បេក្ខជន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​យក​ចូល​ក្នុងបន្ទប់ប្រឡង​នូវ​សម្ភារ​ប្រើប្រាស់​ដែល​ក្រសួងអប់រំ យុវជន និង​កីឡា​អនុញ្ញាត​ឱ្យ​ប្រើ ដូចជា ៖ ប៊ិចពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន រ៉ាព័រទ័រ សម្រាប់​ប្រាស់ផ្ទាល់ខ្លួន​នៅ​ពេល​ដំណើរការប្រឡង តែប៉ុណ្ណោះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: