អន្តរជាតិ

ពលរដ្ឋលីប៊ីជាង ២ពាន់នាក់បានបាត់បង់ជីវិតដោយសារទឹកជំនន់ដ៏ឆាប់រហ័សមួយ

BY
Pheakdey
September 14, 2023

លីប៊ី៖យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានេះបានឲ្យដឹងថា ប្រទេសលីប៊ីកំពុងជួបប្រទះនូវបញ្ហាដ៏ធ្ងន់ធ្ងរមួយក្រោយមានករណីទឹកជំនន់ដ៏ឆាប់រហ័សមួយបានហូរកាត់តំបន់ភាគកណ្តាលប្រទេស ដែលបានបំផ្លាញហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុង Derna អស់យ៉ាងច្រើន និងបានបណ្តាលឲ្យមានពលរដ្ឋជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិត និងកំពុងបាត់ខ្លួន។ ទឹកជំនន់ដ៏កម្រនេះបានកើតឡើងក្រោយតំបន់កើតហេតុខាងលើបានទទួលរងនូវសម្ពាធខ្យល់ព្យុះដ៏កំណាចមួយ ដែលបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងជាច្រើនថ្ងៃជាប់ៗគ្នា។

យោងតាមការព្យាករណ៍បឋមមួយបានបង្ហាញា អាចនឹងមានពលរដ្ឋលីប៊ីជាង ២០,០០០បានស្លាប់បាត់បង់ជីវិត ខណៈគិតត្រឹមពេលនេះនៅមានពលរដ្ឋជាច្រើននាក់កំពុងបាត់ខ្លួនរកមិនឃើញ ហើយពួកគេទំនងជាកំពុងនៅជាប់ក្រោមគំនរបាក់បែក។ បើតាមអាជ្ញាធរលីប៊ីបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លា​ប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះមួយចំនួនជាចង្កោមគ្រួសារតែមួយ ហើយគ្រួសារខ្លះបានបាត់បង់សមាជិកសរុបរហូតដល់ ៥០នាក់ឯណោះ។ ដោយឡែកចំពោះអ្នកដែលបានរួចផុតជីវិតពីទឹកជំនន់វិញក៏កំពុងប្រឈមនឹងបញ្ហាចម្បងៗមួយចំនួនទៀតផងដែរ ដូចជាការរាតត្បាតជំងឺ គ្មានកន្លែងស្នាក់នៅ និងខ្វះខាតអាហារសម្រាប់ទទួលទានជាដើម៕

អត្ថបទ៖ភក្តី

ប្រភព៖ Channel News Asia

Share This Post: