ព័ត៌មានជាតិ

មហាវិទ្យាល័យជលផល និង វារីវប្បកម្ម របកគំហើញថ្មី រកឃើញក្តាមពីងពាងទន្លេសាប នៅបឹងទន្លេសាប

BY
Khmernote Media
September 15, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ថ្មីៗនេះមហាវិទ្យាល័យជលផល និងវារីវប្បកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរកឃើញប្រភេទក្តាមថ្មីមួយប្រភេទ ហើយសំណាកក្តាមនេះត្រូវបានបញ្ជូនទៅ Lee Kong Chian Natural History Museum, National University of Singapore ដើម្បីធ្វើការវិភាគ ពិពណ៌នា និង បានបោះពុម្ភនៅទស្សនាវដ្តី វិទ្យាសាស្រ្តអន្តរជាតិ Crustaceana ។

ប្រភេទក្តាមថ្មីមានឈ្មោះវិទ្យាសាស្រ្ត Limnopilos miromekong នៅក្នុងពួក Limnopilos នៃអម្បូរ Hymenosomatidae ត្រូវបានពណ៌នាពីបឹងទន្លេសាបស្ថិតនៅទន្លេមេគង្គក្រោម នៃប្រទេសកម្ពុជា។ ប្រភេទក្តាមថ្មីនេះគឺជាប្រភេទក្តាមថ្មីទី៤ ដែលត្រូវរកឃើញ ហើយក៏ជាប្រភេទក្តាមថ្មីទី២ ដែលមាននៅឥណ្ឌូចិន។ ប្រភេទក្តាមនៃពពួក Limnopilos មានឈ្មោះវិទ្យាសាស្រ្ត Limnopilos naiyanetri ត្រូវបានគេដឹងពីទន្លេចៅប្រាយ៉ា ហូរចាក់ទៅខាងលិច នៃភាគកណ្តាលប្រទេសថៃ។ ប្រភេទក្តាមថ្មីទើបរកឃើញនេះ (Limnopilos miromekong) មានលក្ខណៈសម្គាល់ ដូចជា មានច្របូញមាត់ មានជើងខ្លី និងសរីរាង្គ gonopod ទីមួយរបស់ក្តាមឈ្មោល ដែលជំនួយដល់ដំណើរការបន្តពូជខុសគ្នា ទៅនឹងក្រុមនៃពពួកក្តាម Limnopilos ដូចគ្នានេះ។ ប្រភេទក្តាម Limnopilos sumatranus ក៏ត្រូវបានគេកត់ត្រាពីប្រទេសម៉ាឡេស៊ីដីគោកភាគខាងត្បូងផងដែរ។

ក្រុមការងារមហាវិទ្យាល័យជលផល និង វារីវប្បកម្ម សុំស្នើដាក់ឈ្មោះក្តាមនេះថា ក្តាមពីងពាងទន្លេសាប ហើយឈ្មោះវិទ្យាសាស្រ្ត ដែលបានបោះពុម្ភហើយមានឈ្មោះថា Limnopilos miromekong ៕​

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: