ក្រសួងយុត្តិធម៌ ច្រានចោលចំពោះគណនីហ្វេសប៊ុកមួយ ដែលផ្សាយព័ត៌មានមិនពិត មកលើស្ថាប័នរបស់រដ្ឋ
- September 15, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងយុត្តិធម៌ បានឱ្យដឹងថា នាពេលថ្មីៗនេះ មានបណ្តាញសង្គមហ្វេសប៊ុកមួយឈ្មោះ San Prum បានផ្សព្វផ្សាយនូវព័ត៌មានមួយដែលមានខ្លឹមសារថា៖ «មានបញ្ញ ហើយក្រសួងយុត្តិធម៌ ? យឹម ភារុន ក្រោយពីចេញពីគុក បានប្រឡងជាប់ក្របខ័ណ្ឌប៉ូលីស តើព្រឹត្តិបត្រ ថ្កោលទោសចេញពីក្រសួងយុត្តិធម៌បញ្ជាក់ (Certifier) ថាដូចម្តេច? មិនធ្លាប់មានទោសឬ? រឿងជាន់រឿងហើយ! តាមដឹងហាងឆេង បញ្ជាក់បែបនេះ(មិនដែលមានទោស) មិនក្រោមពាន់ដុល្លារទេ!!! ហាសៗៗ។ »។

ក្រោយពីទទួលបានព័ត៌មាននេះ ក្រសួងយុត្តិធម៌បានធ្វើការស្រាវជ្រាវជាបន្ទាន់នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ យោងតាមការស្រាវជ្រាវ និងកំណត់ត្រាក្នុងបញ្ជីថ្កោលទោសនៃអគ្គនាយកដ្ឋាន កិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ ឈ្មោះ យឹម ភារុន ពុំបានមកស្នើសុំព្រឹត្តិបត្រថ្កោលទោសពី ក្រសួងយុត្តិធម៌នោះទេ ហើយក្រសួងយុត្តិធម៌ ក៏ពុំបានផ្តល់ព្រឹត្តិបត្រថ្កោលទោសនេះដល់សាមីជនឡើយ។
តាមរយៈលទ្ធផលស្រាវជ្រាវខាងលើ បង្ហាញឱ្យឃើញថា ការផ្សព្វផ្សាយព័ត៌មានក្នុងបណ្តាញ សង្គមហ្វេសប៊ុកមួយឈ្មោះ San Prum ជាការផ្សាយព័ត៌មានមិនពិតដែលមានចរិតជាការ បរិហារកេរ្តិ៍ ចំពោះក្រសួងយុត្តិធម៌។
ហេតុដូចនេះ ក្រសួងយុត្តិធម៌នឹងចាត់វិធានការផ្លូវច្បាប់លើករណីនេះ ចំពោះការផ្សាយព័ត៌មានមិនពិត ដែលមានចរិតជាការបរិហារកេរ្ដិ៍លើស្ថាប័នរបស់រដ្ឋ ៕

- Share This Post:






