ព័ត៌មានជាតិ

កាលពីយប់មិញអគ្គិភ័យឆាបឆេះសណ្ឋាគារ «មីង ឌូ» ជាន់លើបង្អស់ នៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងជំនាញពន្លត់អគ្គិភ័យ ចុះជួយអន្ដរាគមន៍សង្គ្រោះភ្លាមៗ

BY
Khmernote Media
September 16, 2023

បន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ វេលាម៉ោងប្រមាណ ៩និង៣០នាទី មានករណីអគ្គិភ័យមួយបានឆាបឆេះសណ្ឋាគារមួយកន្លែង យីហោ មីង ឌូ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆេះជាន់លើបង្អស់ជាន់ទី៩។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទ កម្លាំងប្រចាំបញ្ជា កម្លាំងជំនាញពន្លត់អគ្គិភ័យ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការវរៈនគរបាលការពារព្រំដែនគោក៩១១, ៨៩១ ជាច្រើនរូប ចុះជួយអន្តរាគមន៍ និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង ដើម្បីពន្លត់ករណីអគ្គិភ័យមួយនេះ។ ទន្ទឹមគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ ក៏បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងកើតហេតុ ភ្លាមៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ ធ្វើយ៉ាងណាធានាបាននូវការពន្លត់ប្រកបដោយប្រសិទ្ធិភាព មិនរាលដាលបន្ត។

ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ក៏បានសហការជាមួយម្លាំងកងរាជអាវុធហត្ថ យោធា និងអាជ្ញាធរមូលដ្ឋាន បណ្តាក្រុមហ៊ុនកាស៉ីណូនៅជាយដែន និង អាជ្ញាធរថៃ ក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ក្រុមសង្គ្រោះ មួយចំនួន មកជួយកន្លែងកើតហេតុផងដែរ។

ក្រោយពីមានការជួយអន្តរាគមន៍ពន្លត់ពីគ្រប់ភាគីពាក់ព័ន្ធ បានទាន់ពេលវេលា សមត្ថកិច្ចយើងអាចគ្រប់គ្រងស្ថានការណ៍បាន ហើយពន្លត់រហូតភ្លើងរលត់ជោគជ័យនៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃដដែល។ ហេតុការណ៍នេះមិនបានបណ្តាលឲ្យជនណាម្នាក់ស្លាប់បាត់បង់ជីវិត ឬរបួសឡើយ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Share This Post: