បុរសម្នាក់ទិញថ្នាំប្រភេទនេះផ្ញើទីហុងកុងទៅចិនដីគោកទើប អាចជួយសង្រ្គោះជីវិតក្មេងស្រីកំសត់ម្នាក់បាន
ប្រទេសចិន ៖ ពាក្យចាស់តែងតែនិយាយតៗគ្នាថាជួយជីវិតមនុស្សម្នាក់ប្រសើរជាងសង់ចេតិយ៧ទៅទៀត បែបនេះហើយទើបមានមនុស្សខ្លះហ៊ានលះបង់ពេលវេលានិងមាសប្រាក់ផ្ទាល់ខ្លួនដើម្បីជួយដល់ជីវិតអ្នកផ្សេង។ ប្រភពព័ត៌មានចិនបានចុះផ្សាយព័ត៌មានរំជួលចិត្តមួយ ដែលក្មេងស្រីមានជម្ងឺមហារីកគ្រាប់ឈាមម្នាក់អាចរស់រានមានជីវិតបានវិញដោយសារតែបុរសចិត្តបុណ្យម្នាក់ជួយទិញថ្នាំ និងយកទៅអោយដល់មន្ទីពេទ្យ។ Song Shurui ជាក្មេងស្រីម្នាក់ដែលមានវ័យ១៧ឆ្នាំនាងត្រូវបានគេដឹងថាមានជម្ងឺមហារីកគ្រាប់ឈាម។ គ្រូពេទ្យបានប្រាប់ថាដោយសារឆ្លងមេរោគជម្ងឺរបស់នាងបានវិវត្តន៍ទៅជាជម្ងឺមហារីកសួត បន្ទាប់ពីនាងបានធ្វើការវះកាត់ប្តូរខួរឆ្អឹងកាលពីខែធ្នូកន្លងមកនេះ។

នាងត្រូវបានគេផ្លាស់អោយទៅស្នាក់នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ គ្រូពេទ្យបានប្រាប់ថាជម្ងឺរបស់នាងមានឪកាសសះស្បើយតិចណាស់។ នាងត្រូវបានគេដាក់បញ្ចូលអុកស៊ីសែនអោយយ៉ាងច្រើន។ ម្តាយរបស់ក្មេងស្រីកំសត់ម្នាក់នេះបាននិយាយថា “នាងមិនជឿថាកូនស្រីនាងនឹងអាចស្លាប់នោះទេ នាងនឹងធ្វើគ្រប់បែបយ៉ាងជាមួយនឹងកម្លាំងចុងក្រោយរបស់នាង”។ ថ្នាំតែមួយគត់ដែលអាចកាត់បន្ថយអាការៈរបស់ក្មេងស្រីកំសត់ម្នាក់នេះអោយមានសភាពធូរស្រាលជាងមុនគឺ cidofovir ប៉ុន្តែវាមិនមានលក់នៅក្នុងប្រទេសចិនដីគោកនោះទេ។ ដោយសាតែទាល់គំនិតមិនដឹងធ្វើយ៉ាងណា ស្រ្តីជាម្តាយក៏ធ្វើការស្វែងរកជំនួយតាមរយៈបណ្តាញសង្គម។

ក្នុងការសុំជំនួយនេះបុរសម្នាក់បានស្ម័គ្រចិត្តជួយទិញថ្នាំនេះអោយ បុរសម្នាក់នោះបាននិយាយថា “នៅពេលដែល Dai ទាក់ទងមកខ្ញុំនិយាយពីព័ត៌មានរឿងថ្នាំនោះនៅម៉ោងប្រហែលពីរយប់ នាងបានយំជាប់រហូតហើយបាននិយាយថា មេត្តាជួយជីវិតកូនស្រីខ្ញុំផង”។ បុរសចិត្តបាននេះបានទិញថ្នាំ ហើយផ្ញើរមនុស្សម្នាក់ទៀតអោយជិះយន្តហោះយកទៅអោយដល់តំបន់ Chengdu នោះនៅថ្ងៃដដែលនឹងថ្ងៃដែលម្តាយក្មេងរងគ្រោះទាក់ទងមកគាត់។ ក្មេងស្រីនេះត្រូវបានគេដឹងថាមានអាការៈល្អប្រសើរក្រោយពីទទួលបានថ្នាំ cidofovir នេះ នាងត្រូវបានគ្រូពេទ្យអនុញ្ញាតអោយចេញពីបន្ទប់សង្រ្គោះបន្ទាន់នៅកាលពីថ្ងៃទី០៥ ខែនេះ។ ម្តាយរបស់ក្មេងស្រីរងគ្រោះប្រាប់អ្នកកាសែតថាគាត់ពិតជាចង់ទៅគោរពនិងអគុណដល់អ្នកដែលបានផ្តល់ថ្នាំនេះអោយគាត់ណាស់ បើមិនមានពួកគាត់ទេកូនស្រីរបស់ខ្ញុំប្រហែលជាស្លាប់បាត់ហើយ។ ខ្ញុំមិនអាចស្រមៃបានទេនូវរូបភាពដែលខ្ញុំរស់ដោយមិនមានកូនស្រី ខ្ញុំប្រហែលជាអាចស្លាប់ទៅតាមនាង។ Song ជាក្មេងស្រីដែលមានទេព្យកោសល្យខាងសិល្បៈគូររូប ហើយមានបំណងចង់ក្លាយទៅជានារីអាកាសចរទៀតផង។ តែយ៉ាងណាពេលនេះនាងនៅតែត្រូវស្ទាក់នៅមន្ទីពេទ្យ ដើម្បីសម្រាកព្យាបាលជម្ងឺមហារីកគ្រាប់ឈាមរបស់ខ្លួន៕

ប្រភព ៖ nextshark