PR

វិស័យតន្ត្រីនៅកម្ពុជានឹងកាន់តែកក្រើកខ្លាំង! ផលិតកម្មថ្មី GenMusix បោះទុនយ៉ាងធំ ផលិតគុណភាពស្តង់ដារអន្តរជាតិ

BY
Liny Chan
September 20, 2023

(ភ្នំពេញ)៖ វិស័យតន្ត្រីនៅប្រទេសកម្ពុជា មានសន្ទុះរីកចម្រើនកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ផលិតកម្មធំៗ និងល្បីៗជាច្រើនបានប្រជែងគ្នាបញ្ចេញនូវស្នាដៃចម្រៀង និងសមិទ្ធផលតន្ត្រីដ៏អស្ចារ្យជាច្រើន តួយ៉ាងដូចជាក្រុមហ៊ុនហង្សមាស ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនតន្ត្រីខ្នាតយក្ស នៅប្រទេសកម្ពុជា ប្រជុំដោយកំពូលតារាចម្រៀងល្បីៗជាច្រើនរូប។ កន្លងទៅក្រុមហ៊ុនតន្ត្រីដ៏ធំមួយនេះ បានផលិតបទចម្រៀងដ៏មានគុណភាព និងពេញនិយមយ៉ាងច្រើនសម្បើម នៅលើបណ្ដាញផ្សព្វផ្សាយសង្គម និងវេទិកាតន្ត្រីផ្សេងៗគ្នាជាច្រើន។

យ៉ាងណាមិញ សង្គមកាន់តែរីកចម្រើន បែបផែននៃការរស់នៅរបស់មនុស្សក៏កាន់តែជឿនលឿនទន្ទឹមគ្នា ហើយចំពោះវិស័យតន្ត្រី ក៏មិនខុសគ្នានោះដែរ។ ដូចនេះ ដើម្បីរួមចំណែកចែករំលែកនូវក្ដីស្រលាញ់ និង ការខិតខំប្រឹងប្រែងទៅកាន់វិស័យតន្ត្រីនៅកម្ពុជា និងដើម្បីតាមឱ្យទាន់នូវល្បឿននៃការអភិវឌ្ឍទាំងក្នុង និងក្រៅប្រទេស។ ក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំមួយរបស់ ហង្សមាស បានប្រកាសនូវការបង្កើតក្រុមហ៊ុន «GENMUSIX» ដែលជាក្រុមហ៊ុនតន្រ្តីដ៏ថ្មីសន្លាងនៅកម្ពុជាទៅកាន់អ្នកគ្រប់គ្នា។

ដោយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន «GENMUSIX» បានសម្ពោធជាផ្លូវការ និងបង្ហាញតារាចម្រៀងប្រចាំក្រុមហ៊ុន នៅសណ្ឋាគារ Hyatt Regency ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងសិល្បករ សិល្បការិនី យ៉ាងច្រើនកុះករ។

តាមប្រសាសន៍របស់លោកស្រី អ៊ឹង គីមលៀង ដែលជាអគ្គនាយិកាប្រតិបត្តិ នៃក្រុមហ៊ុន GenMusix បានថ្លែងក្នុងពិធីសម្ពោធជាផ្លូវការថា ការបង្កើតក្រុមហ៊ុនតន្ត្រីនេះឡើង មានគោលបំណងសំខាន់ផ្ដល់នូវផលិតផលតន្រ្តី ក្នុងសម័យឌីជីថលនេះ និងសិល្បករ-សិល្បការិនី ថ្មីៗ ដែលពោរពេញទៅដោយ សមត្ថភាព ទេពកោសល្យទៅកាន់មហាជន។ ហើយទាំងអស់នេះនឹងក្លាយជាសមិទ្ធផល ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង ការវិនិយោគ និងក្ដីស្រលាញ់របស់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន។ លោកស្រីអគ្គនាយិកា សង្ឃឹមយ៉ាងមុតមាំថា ផលិតផលតន្រ្តី និងសិល្បករ-សិល្បការិនី របស់ខ្លួន នឹងរួមចំណែកបន្ថែមនូវរសជាតិតន្ត្រីបែបថ្មីដ៏រស់រវើក ស្របតាមបរិបទសម័យថ្មី នៃវិស័យតន្រ្តីរបស់ប្រទេសកម្ពុជា។

គួរឱ្យដឹងថា Step និង SK នឹងក្លាយជាសមាជិកផ្លូវការដំបូងគេរបស់ផលិតកម្ម GenMusix ដែលពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីមកបំបែកកំណត់ត្រាក្នុងវិស័យតន្ត្រីនៅប្រទេសកម្ពុជា។
ក្រុមហ៊ុនតន្ត្រីដ៏ធំ និងថ្មីសន្លាងមួយនេះ នឹងធ្វើឱ្យវិស័យតន្ត្រីនៅប្រទេសកម្ពុជាកាន់តែកក្រើកខ្លាំង ដោយបានបោះទុនយ៉ាងច្រើនសម្បើម ព្រមជាមួយសិល្បករ សិល្បការិនី វ័យក្មេង ពេញដោយទេពកោសល្យ ផលិតករល្បីៗ ព្រមទាំងធនធានឆ្នើមៗជាច្រើនរូបក្នុងវិស័យតន្ត្រី មករួមគ្នាបង្កើតនូវផលិតផលតន្ត្រីបែបថ្មី ដ៏រស់រវើក ស្របតាមបរិបទថ្មី ក្នុងសម័យឌីជីថលដ៏អស្ចារ្យ៕

Share This Post: