ពេលនេះមានការលើកឡើង នឹងបកស្រាយហើយថា តើហេតុអ្វីបានជាកីឡាករ Christiano Ronaldo ហៅថា ”Penaldo”?
- March 2, 2019
ជារឿយៗ នៅក្នុងពិភពបាល់ទាត់តែងតែមានការជជែកវែកញែកគ្នាអំពីតារាបាល់ទាត់ល្បីៗ នៅក្នុងពិភពលោក ហើយក្នុងនេាះដែរគេឃើញថាមានកីឡាករ២រូបគឺ Christiano Ronaldo និង Lional Messi ដែលជា និមិត្តរូបរបស់អ្នកដែលចូលចិត្តបាល់ទាត់មិនថាកេ្មងៗ ឬមនុស្សចាស់នោះទេ។ ពេលខ្លះអ្នកគាំទ្ររបស់ពួកគេបាននិយាយឈ្លោះប្រកែកគ្នាដើម្បីការពារថាកីឡាកររូបណាជាកីឡាករល្អជាងគេលើលោក។ ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈសកម្មភាព និងភាពជោគជ័យរបស់ពួកគេ ម្នាក់ៗបានជួយក្លឹប និងប្រទេសគេដើម្បីទទួលបានពានធំៗជាច្រើន។

ចំណែកឯ កីឡាករអាយុ ៣៣ ឆ្នាំ Christiano Ronaldo ទទួលបានការចាប់អារម្មណ៍ជាច្រើន និងមានអ្នកគាំទ្ររាប់លានអ្នក មិនថានៅក្នុងហ្វេសបុក ឬក៏ បណ្ដាញសង្គមជាច្រើននោះទេ ដោយឡែករូបគេក៏មានអ្នកមិនគាំទ្រច្រើនផងដែរ ដោយពួកគេតែងតែហៅ Ronaldo ថា ” Penaldo” ។ ពេលនេះមានការបកស្រាយ និងវែកញែកពីមូលហេតុអ្វីបានជាគេហៅឈ្មោះកីឡាកររូបនេះថា Penaldo ហើយតើពាក្យនេះមានន័យយ៉ាងណា និងត្រឹមត្រូវដល់កំរិតណា? ដំបូងយើងត្រូវយល់ន័យពាក្យនេះសិន Penaldo បានមកពីពាក្យ Penalty បូកជាមួយឈ្មោះរបស់ Ronaldo ។ ពាក្យថា Penaldo នេះតែងតែត្រូវបានអ្នកមិនគាំទ្រ ហៅ Ronaldo នៅពេលដែលកីឡាកររូបនេះស៊ុតបាល់ចូលទី ដោយការពិន័យបាល់១១ម៉ែត្រ ជាពិសេសគឺ អ្នកគាំទ្រក្រុម Bacelona និង Messi ដែលជាអ្នកដាក់ឈ្មោះនេះអោយរូបគេ ហើយអ្នកគាំទ្រទាំងនោះគិតថា Ronaldo បានគ្រាប់បាល់ភាគច្រើនពីការស៊ុតបាល់ពេណាទី។
នៅក្នុងចំនុចនេះគឺមានន័យថាបុរសខ្លាំងរបស់ ប៉ុកទុយហ្កាលរូបនេះដែលអ្នករកគ្រាប់បាល់បានច្រើន ដោយក្នុងនោះរូបគេបានស៊ុតបាល់ពិន័យ ១១ម៉ែត្រ រហូតដល់ទៅ១០១គ្រាប់នៅក្នុងអាជីពបាល់ទាត់របស់គាត់បើគិតនៅក្នុងឆ្នាំ ២០១៨ ហើយពេលបច្ចុប្បន្ននេះ រូបគាត់កំពុងលេងនៅក្នុងក្លឹបយក្សអុីតាលី Juventus និងបានប្រជែងជាមួយ Dybala ក្នុងការស៊ុតបាល់ពេណាទីអោយក្រុម។ ដោយឡែកពួកគេទាំងពីររូបអាចពិភាក្សាគ្នាបាន ថាមួយណាជាអ្នកទាត់បាល់ពិន័យ មិនថាបាល់ហ្វ្រីឃីគ ឬបាល់ពិន័យ១១ម៉ែត្រនោះទេ នេះបើការលើកឡើងរបស់គ្រូបង្វឹក Massimilian Allegri ។
បន្ថែមពីនេះទៅទៀត, Ronaldo ក៏បានប្រតិកម្ម និងបញ្ចេញយោគបល់ខ្លះផងដែរ ដោយរូបគាត់បានលើកឡើងថា ” អ្នកគួរតែមើលពីស្ថិតិរបស់ខ្ញុំ ថាខ្ញុំស៊ុតបានប៉ុន្មានគ្រាប់? តើគ្រាប់បាល់ទាំងអស់គឺសុទ្ធតែបានមកពីបាល់ពេណាទី? ហើយគាត់បានបន្ថែមថា ”ខ្ញុំនឹងស៊ុតបញ្ចូលទីអោយបានច្រើនតាមដែលអ្វីខ្ញុំអាចធ្វើបាន អាច៦០០ ទៅ៧០០គ្រាប់ក៏ថាបាន។ ហើយបើសិនណាជាចង់មើល ពួកគេអាចចូលទៅក្នុង Youtube ហើយមើលរាលគ្រាប់បាល់ដែលខ្ញុំបានស៊ុតបញ្ចូលទី”។
កាលពីកីឡាកររូបនេះនៅលេងអោយ Real Madrid រូបគាត់បានស៊ុតអោយក្លឹបចំនួន ៤៥០គ្រាប់រាល់ការប្រកួតទាំងអស់ ជាមួយនឹង ៧៩គ្រាប់បានមកពីបាល់ពេណាទី ហើយមានន័យថា ១៧.៣៨ ភាគរយនៃគ្រាប់បាល់របស់គាត់បានមកពីបាល់ពិន័យ ១១ ម៉ែត្រ។ លើសពីនេះទៅទៀត បើតាមស្ថិតិរបស់ Ronaldo មានន័យថា គាត់គឺជាកីឡាករមួយរូបដែលស៊ុតបាល់ ១១ ម៉ែត្រច្បាស់ និងទុកចិត្តបាននៅក្នុងពិភពបាល់ទាត់ទំនើបឥឡូវនេះ ដោយគាត់មានភាគរយរហូតដល់ទៅ ៨៥.៩០% ជោគជ័យ ក្នុងការស៊ុតបាល់១១ម៉ែត្រ ៩២ដង និងបានសម្រេចចំនួន ៧៩គ្រាប់។ សូម្បីតែ Lional Messi ក៏នៅចាញ់ដែរ ដោយនៅក្របខ័ណ្ឌបាល់អេស្ប៉ាញ Messi ស៊ុតបាល់ពេណាទី ៩០លើក សម្រេចបានតែ ៦៨គ្រាប់តែប៉ុណ្ណោះ បើគិតទៅបានសម្រេចត្រឹមតែ ៧៥.៥៦% ៕

- Share This Post:








