ក្រុមក្មេងស្រីៗ វាយប្រតាយប្រតប់គ្នាផ្អើលក្នុងបណ្ដាញសង្គម ត្រូវបាននគរបាលខេត្តព្រៃវែង នាំខ្លួនមកអប់រំ ធ្វើកិច្ចសន្យា
- September 21, 2023
ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងថា ក្មេងស្រី ២នាក់ បានឆាតបបួលគ្នាបើកឆាកប្រយុទ្ធជាច្រើនលើក ត្រូវបានកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងព្រៃវែង ចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់នាំខ្លួនក្រុមក្មេងៗទាំងនោះ មកអប់រំ ធ្វើកិច្ចសន្យា ក្រោយបែកធ្លាយវីដេអូវាយប្រតាយប្រតប់គ្នាយ៉ាងចាស់ដៃ តាមបណ្ដាញសង្គម។

គួរបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានថា មានករណីក្មេងៗស្រីៗវាយគ្នាខាងលើ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាដល់វរសេនីយ៍ឯក អ៊ិត ហាន ស្នងការរង ដឹកនាំកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋានគរបាលក្រុងព្រៃវែង បានចុះស្រាវជ្រាវស៊ើបអង្កេតករណីនេះ រហូតឈានដល់កំណត់មុខសញ្ញា ធ្វើការនាំខ្លួនក្រុមក្មេងៗស្រីៗខាងលើ នៅថ្ងៃខែឆ្នាំដដែល មកស្នងការដ្ឋានគរបាលខេត្តព្រៃវែង ដើម្បីធ្វើការសាកសួរបំភ្លឺ និងអប់រំណែនាំ ធ្វើកិច្ចសន្យា រួចអញ្ជើញអាណាព្យាបាល ឪពុកម្ដាយ មកធ្វើការធានា ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ៕



- Share This Post:






