ព័ត៌មានជាតិ

អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានជំនឿថា ប្រភេទកីឡាចំនួន ៦ ឬ ៧ នឹងបានមេដាយល្អ ក្នុងការប្រកួតកីឡាអាស៊ី

BY
Khmernote Media
September 22, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា មានជំនឿចិត្តថា ការប្រកួតកីឡាអាស៊ីលើកទី១៩ នេះ យ៉ាងហោចណាស់ ក៏មាន ៦ ឬ ៧ប្រភេទកីឡាដែរ ដែលនឹងរកបានមេដាយល្អ។

មុនពេល ចេញដំណើរទៅខេត្តហាងចូវ (Hangzhou) ប្រទេសចិន ដែលជាកន្លែងត្រូវប្រារព្ធការប្រកួតកីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការប្រកួតកីឡាអាស៊ីនេះ គឺពិតជាកម្រិតខ្ពស់ ណាស់ ហើយមាន ប្រទេសមានសក្ដានុពលផ្នែកកីឡាធំៗច្រើន ដូចជា ចិន ជប៉ុន កូរ៉េ អ៊ីរ៉ង់ និងកាហ្សាក់ស្ថាន ជាដើម សុទ្ធតែជាប្រទេសមានសក្ដានុពលខ្ពស់មែនទែន ក្នុងវិស័យកីឡា លើពិភពលោក។ ឯកឧត្តម បានបន្ដថា ក្នុងចំណោម ១៧ ប្រភេទកីឡា ដែលបញ្ជូនទៅចូលរួមប្រកួតនេះ កម្ពុជាមាន ៦-៧ ប្រភេទកីឡាដែរ ដែលអាចស្វែងរកមេដាយល្អបាន ដូចជាកីឡាគ្រិកឃីត តេក្វាន់ដូ ចំបាប់ យូដូ ជឺជីតស៊ូ និងប្រភេទកីឡាប្រយុទ្ធមួយចំនួន ។

ឯកឧត្តម បានបន្តទៀតថា ផ្អែកលើការយកចិត្តទុកដាក់របស់ ប្រមុខរាជរដ្ឋាភិបាល និងកិច្ចសហការយ៉ាងជិតស្និទ្ធ ក៏ដូចជា ការផ្ដល់នូវភាពកក់ក្ដៅពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ បានជំរុញឱ្យការរៀបចំប្រតិភូកីឡាកម្ពុជាបានល្អ សម្រាប់ ចូលរួមការប្រកួតអន្ដរជាតិនានា ជាក់ស្ដែង ការប្រកួតកីឡាប្រចាំទ្វីប នាពេលនេះ។ ទោះបីកីឡាអាស៊ី គឺជាកីឡាកម្រិត ខ្ពស់ និងសម្បូរប្រទេស មានសក្ដានុពលខ្លាំង ផ្នែកវិស័យកីឡាលើពិភពលោក តែកម្ពុជាជឿជាក់ថា នឹងទទួលបាន លទ្ធផលល្អប្រសើរ ណាមួយជូនជាតិ។ « យើងទាំងអស់គ្នាមានតែការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព គោរពយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត តាមអនុសាសន៍ ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីលើកកម្ពស់កិត្តិយសជាតិ និងត្រឡប់មកវិញ ជាមួយ កិត្តិយសនិងជោគជ័យ ក្នុងបេសកកម្មដ៏វិសេសវិសាល សម្រាប់ជាតិមាតុភូមិ នៅពេលនេះ »។

សូមជម្រាបថា ក្នុងដំណើរចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ នេះ ដោយមានកិច្ចសហការល្អ រវាងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ បានរៀបចំប្រតិភូកីឡាចូលរួម ចំនួន ១៧៩ នាក់ ក្នុងនោះ មានកីឡាករ កីឡាការិនី ចំនួន ១១៤ នាក់ និងថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាល ហិរញ្ញវត្ថុ ពេទ្យ ចំនួន៦៥ នាក់។ កម្ពុជាចូលរួមប្រកួត ១៧ប្រភេទកីឡា ក្នុងចំណោម ៤០ ប្រភេទកីឡា រួមមាន បាល់ទះ បាល់បោះ ទូកក្តោង យូដូ តេក្វាន់ដូ ហែលទឹក អត្តពលកម្ម វាយសី ទ្រីយ៉ាត្លុង ចំបាប់ ការ៉ាតេ គ្រិកឃីត អុកចិន សូហ្វតិន្និស ទូកនាគ និងជឺជីតស៊ូ។ ការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: