ព័ត៌មានជាតិ

ក្រសួងសុខាភិបាល សម្រេចបិទទីតាំងលក់ឱសថបុរាណរបស់លោក ស៊ូ សេងហ៊ួរ និងតម្រូវឱ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាលជំងឺប្រាស់ចាកពីការពិតចេញពីបណ្តាញសង្គម

BY
Khmernote Media
September 25, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការបញ្ឈប់សកម្មភាពព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណ ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល របស់លោក ស៊ូ សេងហ៊ួរ។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ កន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួង​សុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅធ្វើការអប់រំ និងផាក​ពិន័យលោក ស៊ូ សេងហួរ ចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និងលក់ឱសថ​បុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើកទីតាំងអគារឱសថបុរាណថ្មី​ដោយ​គ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២ដងរួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣។

ទោះបីជាធ្លាប់បានសន្យាថា បញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ ក៏លោក ស៊ូ សេង​ហួរ នៅតែបន្តផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុកនូវការព្យាបាលជំងឺមិនប្រក្រតី និងលក់​ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បាន​សហ​ការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះទៅបិទបញ្ឈប់សកម្មភាពខុសច្បាប់ និងណែនាំលោក ស៊ូ សេង​ហួរ ឱ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាលជំងឺប្រាស់ចាកការពិតទាំងអស់ចេញ​ពីបណ្ដាញ​សង្គម​ហ្វេសប៊ុកជាបន្ទាន់។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន​ក្នុងការសម្រេចចិត្តទទួលការព្យាបាលដោយមន្ដអាគម ឬឱសថ បុរាណដែលខុសច្បាប់ និង​កុំជឿ​ការឃោសនាភូតកុហកបោកប្រាស់ទាំងនោះ តាមបណ្តាញសង្គម ឃ្លីបវីដេអូ ឬការផ្សព្វផ្សាយ​តៗគ្នា ដែលនាំឱ្យខាតបង់ប្រាក់ ពេលវេលា ប៉ះពាល់ដល់សុខភាព និងអាចបណ្តាល​ឱ្យគ្រោះ​ថ្នាក់ដល់ អាយុជីវិតជាយថាហេតុ៕

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: