ក្មេងប្រុសម្នាក់ ត្រូវពស់ស្រកាចាស់ចឹក បណ្ដាលឱ្យកើតមានជំងឺយ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាព្យាបាលប្រើពេលអស់ ២១ថ្ងៃ សង្រ្គោះជីវិតដោយជោគជ័យ
- September 26, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងប្រុស អាយុ៦ឆ្នាំ ត្រូវបានពស់ស្រកាចាស់ចឹក បណ្ដាលឱ្យពិសពស់ជ្រាបចូលក្នុងឈាម រលួយដៃ និងខ្សោយដង្ហើម ហើយចុងក្រោយបណ្តាលឲ្យពុលខ្សោយតម្រងនោមស្រួចស្រាវយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាសង្រ្គោះជីវិត ដោយជោគជ័យ។

តាមរយៈការបង្ហោះរបស់ Dr. Beat Richner បានបញ្ជាក់ថា ប្រភេទពស់ស្រកាចាស់នេះ មានពិសចម្រុះគ្នា ធ្វើឲ្យរលួយសាច់វិបត្តិកំណកឈាមនិងហូរឈាម អាចធ្វើឲ្យប្រព័ន្ធប្រាសាទឈប់ដំណើរការ និងធ្វើឲ្យតម្រងនោមលែងដំណើរការទៀតផង។
ដោយក្មេងប្រុសរូបនេះ ត្រូវបានពស់ស្រកាចាស់ចឹក ត្រូវបានបញ្ជូនមកពីមន្ទីរពេទ្យខេត្តកំពត ២ថ្ងៃបន្ទាប់មក ពិសពស់បានជ្រាបចូលក្នុងឈាម ធ្វើឲ្យរលួយដៃនិងខ្សោយដង្ហើម ហើយចុងក្រោយបណ្តាលឲ្យពុលខ្សោយតម្រងនោមស្រួចស្រាវយ៉ាងធ្ងន់ធ្ងរបំផុត ក្មួយប្រុសត្រូវបានជួយសង្រ្គោះជីវិត ដោយចាក់ថ្នាំបន្សាបចម្រុះពិស លាងឈាមតាមស្រោមពោះសង្រ្គោះតម្រងនោម និងសង្រ្គោះដង្ហើមដោយម៉ាស៊ីនសប់ដង្ហើម អស់រយៈពេល២១ថ្ងៃ។
នៅថ្ងៃនេះដែរ ក្មេងប្រុសបានរួចជីវិត និងត្រូវបន្តព្យាបាលបណ្តុះស្បែកឡើងវិញ។ អរគុណគន្ធបុប្ផា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង អរគុណមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា អរគុណចំពោះសប្បុរសជនគ្រប់ៗរូប ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ៕

ប្រភព៖ Dr. Beat Richner
- Share This Post:






