ព័ត៌មានជាតិ

ក្រសួងធនធានទឹក ស្នើឱ្យរក្សាទឹកទុក សម្រាប់ការប្រើប្រាស់ការដាំដុះ នៅពេលទឹកជំនន់ចាប់ផ្ដើមស្រក

BY
Khmernote Media
September 27, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួង ធនធានទឹក ស្នើឱ្យអាជ្ញាធរ រាជធានី-ខេត្តទាំងអស់ ដែលស្ថិតនៅតាមដងទន្លេ ត្រូវយកចិត្តទុកដាក់ទាញទឹកបញ្ចូលទៅក្នុងអាងក្នុងព្រែក ដើម្បីធ្វើយ៉ាងណារក្សាទឹកទុកឱ្យបានសម្រាប់ការប្រើប្រាស់ការដាំដុះនាពេលខាងមុខ នៅពេលដែលទឹកចាប់ផ្ដើមស្រក។

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយមបានឱ្យដឹងថា ស្ថានភាពទឹកទន្លេមានការកើតឡើងគួរឱ្យកត់ សំគាល់ ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់អមសងខាង ទន្លេរងការជន់លិច។ ទន្ទឹមនឹងនោះ ស្ថានភាពបែបនេះ បានធ្វើឱ្យទឹកហូរចូលនៅតាម ព្រែក ស្ទឹង បឹង បួធម្មជាតិនានា ដែលផ្តល់ផលវិជ្ជមានយ៉ាងច្រើនសម្រាប់ការប្រើប្រាស់ សម្រាប់វិស័យកសិកម្ម និងការប្រើប្រាស់ ប្រចាំថ្ងៃនាពេលខាងមុខ។

ឯកឧត្តមបន្ថែមថា កន្លងមកក្រសួងធនធានទឹកនិងឧតុនិយមបានសហការជាមួយទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ ដោយបានធ្វើការស្ដារព្រែកមួយចំនួនឡើងវិញ ដូច្នេះ ទោះបីជាកម្ពស់ទឹកទន្លេនៅពេលនេះ ទាបជាងពេលកន្លងមក ប៉ុន្តែព្រែកដែលបានស្ដារកន្លងមក គឺមានទឹកចូលស្ទើរតែពេញ។ ហេតុនេះឯកឧត្តម ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធនៅតាមរាជធានី-ខេត្តទាំងអស់ ដែលស្ថិតនៅតាមដងទន្លេ ត្រូវយកចិត្តទុកដាក់ទាញទឹកបញ្ចូលទៅក្នុងអាងស្តុកទឹក ព្រែក នឹងត្រូវមានវិធានការធ្វើយ៉ាងណារក្សាទឹកសម្រាប់ទុកប្រើប្រាស់ នៅពេលដែលទឹកចាប់ផ្តើមស្រកទៅវិញ។

« ចំណែកឯព្រែកធម្មជាតិមួយចំនួនទៀត ប្រសិនបើមាត់ព្រែកនៅកម្រិតកម្ពស់ទាប គឺមានទឹកចូលមួយម៉ែត្រ ទៅជាង ១ម៉ែត្រ ហើយប្រសិនបើទាបមែនទែនគឺចូលស្ទើរតែពេញព្រែកតែម្ដង ហើយចំពោះព្រែកពោះខ្ពស់ ក៏មានទឹកចូលដែរ តែនៅក្នុងកម្រិត ពីរបីទឹកប៉ុណ្ណោះ។ ហើយបណ្ដាព្រៃខ្ពស់ៗនេះឯងដែលជាគោលដៅរបស់ក្រសួង បន្តធ្វើការអភិវឌ្ឍនិងការស្ដារ ហើយក្រោយពីការស្ដារ គឺយើងនឹងបំពាក់ទ្វារទឹកនៅមាត់ទា្វរព្រែក។ នៅពេលដែលទឹកឡើង យើងបើកឱ្យចូល ដើម្បីនាំទឹកទៅ កាន់តំបន់ទំនាប ឬក៏បឹង នៅខាង ក្រោម ហើយនៅពេលដែលទឹកចាប់ផ្ដើមស្រក យើងនឹងទម្លាក់ទ្វារចូលដើម្បីរក្សា ទឹកទុកសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ក៏ដូចជាការងារបង្កបង្កើនផលនៅក្នុងរដូវប្រាំង»។

ឯកឧត្ដមរដ្ឋលេខាធិការក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ សូមមេត្តាថែរក្សាទឹកទុកឱ្យបានល្អចំពោះទឹកដែលមាននៅក្នុងស្រែស្រាប់ ហើយចំពោះប្រភពទឹកនានា សូមចូលរួមថែរក្សា ចៀសវាងការបើកបង្ហូរចោល ដែលនាំឱ្យមានការខ្វះខាតទឹកប្រើប្រាស់ ក៏ដូចជាទឹកសម្រាប់ការងារបង្កបង្កើនផលនាពេលខាងមុខនេះ។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមទៀតថា បច្ចុប្បន្ននេះក្រសួងកំពុង តែធ្វើការតាមដាននិងយកចិត្តទុក ដាក់មួយបន្ថែមទៀត ទាក់ទងទៅនឹងស្ថានភាពអាកាសធាតុ ក្នុងនោះការព្យាករណ៍ប្រចាំរដូវរបស់ក្រសួង ក៏បានជូនដំណឹងម្ដងរួចមកហើយថា រដូវវស្សាឆ្នាំនេះ អាចនឹងឆាប់បញ្ចប់ឆាប់ជាងបណ្ដាឆ្នាំកន្លងទៅ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: