ព័ត៌មានជាតិ

ក្រសួងអប់រំ កំណត់យកគ្រឹះស្ថានមធ្យមសិក្សារដ្ឋចំនួន២០ ដើម្បីសាកល្បងបង្រៀនភាសាចិន

BY
Khmernote Media
September 29, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួង បានកំណត់យកសាលាមធ្យមសិក្សាសាធារណៈចំនួន២០ នៅក្នុងរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ដើម្បីសាកល្បង បង្រៀនភាសាចិន។ ការសាកល្បងនេះដោយ សារតែក្រសួងមើលឃើញពីអត្ថប្រយោជន៍ជាច្រើននៃ ភាសាចិនក្នុងប្រទេសកម្ពុជា ទាំងទីផ្សារការងារ និងការសិក្សា។

នៅក្នុងជំនួបកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូចិន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី លើកឡើងថា បន្ទាប់ពីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងអប់រំប្រទេសចិនស្តីពី “ការអភិវឌ្ឍកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា” រួចមក ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំអនុវត្តការងារ និងសម្រេចបានលទ្ធផលដូចខាងក្រោម៖

១. បង្កើតគណៈកម្មាធិការសម្របសម្រួលសម្រាប់ការអប់រំភាសាចិន
២. ទទួលបានឯកភាពជាគោលការណ៍ឱ្យជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ចំនួន ២០ នាក់ (ក្នុង ០១ សាលា ០១ នាក់) ភាគីកម្ពុជាផ្តល់ជូន ៧១ ម៉ឺនរៀល ប្រហែល ១៨០ ដុល្លារ ហើយស្នើសុំឱ្យភាគីចិនជួយឧបត្ថម្ភបន្ថែម ៤០០ ដុល្លារ ក្នុងមួយខែ។ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឈ្មោះសាលាមធ្យមសិក្សាសាធារណៈចំនួន ២០ នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
៣. បង្កើតសេចក្តីព្រាងស្តីពី លក្ខណៈវិនិច្ឆ័យ នៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន។
៤. រៀបចំលិខិតស្នើសុំទៅកាន់ភាគីចិន ចាត់តាំងមន្ត្រីអចិន្រ្តៃយ៍អប់រំភាសាចិននៅកម្ពុជា។
៥. រៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ការអប់រំភាសាចិនរយៈពេល៥ឆ្នាំ (២០២៣ – ២០២៨) និងក៏បានផ្ញើជូនទៅភាគីចិន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្នើសុំដល់ភាគីចិនជួយពន្លឿនលក្ខណៈវិនិច្ឆ័យ នៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ជួយរៀបចំតេស្តប្រឡងភាសាចិន នៅពេលជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន និងជួយពន្លឿនការពិនិត្យ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ការអប់រំភាសាចិនរយៈពេល ០៥ ឆ្នាំ (២០២៣ – ២០២៨)។

ដើម្បីឆ្លើយតបទៅនឹងការស្នើសុំរបស់ក្រសួងអប់រំ យុវជន និងកីឡា ភាគីចិនបានយល់ស្របនឹងជួយផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់មន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ជួយរៀបចំតេស្តប្រឡងភាសាចិនសម្រាប់មន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ក៏ដូចជារៀបចំឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការបង្រៀនភាសាចិនដល់មន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសចិន ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូចិន នៃមជ្ឈមមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិន សម្រាប់កិច្ចសហប្រតិបត្តិការកន្លងមក នឹងសង្ឃឹមយ៉ាងមុតមាំថាកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា នឹងប្រព្រឹត្តទៅយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ MoEYS Cambodia

Share This Post: