ច្បាស់ការហើយ! ខេត្តកែប នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ
- September 29, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប នាដើមខែធ្នូ ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកែប នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា បុណ្យសមុទ្រឆ្នាំនេះខេត្តកែប នឹងកំណត់យកថ្ងៃប្រារព្ធពិធីជាផ្លូវការ នៅថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។ នេះជាព្រឹត្តិ ការណ៍ដ៏អស្ចារ្យសម្រាប់ខេត្តកែប ដើម្បីបង្ហាញឱ្យពិភពលោកបានដឹង អំពីជោគជ័យរបស់កម្ពុជា ជា មួយនឹងការរីកចម្រើនសេដ្ឋកិច្ច សង្គមកិច្ច និងធានាបាននូវសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ដែលមកលេងកម្សាន្ដនៅប្រទេសកម្ពុជា ក៏ដូចជាខេត្តកែបរបស់យើងផងដែរ។
ក្នុងនោះដែរ ឯកឧត្តអភិបាលខេត្ត បានប្តេជ្ញាចិត្តជំរុញ និងណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធនានា ក្នុងរយៈពេលពីរខែនេះ ឱ្យមានការខិតខំយកចិត្តទុកដាក់ ចំពោះការកែលម្អសោភណភាព សម្អាតអនាម័យបរិស្ថាន ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ទាំងកន្លែងប្រារព្ធពិធីនិងកន្លែងផ្សេងៗទៀត ឱ្យបានសមរម្យ ។ ដូចនេះសូមគ្រប់មន្ទីរទាំងអស់ សហការគ្នាធ្វើយ៉ាងណាឱ្យការងារនេះប្រព្រឹត្តទៅបានយ៉ាងរលូន ទាំងការគ្រប់គ្រងទុកដាក់សំរាម កាកសំណល់រឹង រាវ ក្នុងពេលរៀបចំព្រឹត្តិការណ៍ និងក្រោយពេលព្រឹត្តិការណ៍បញ្ចប់។
ឯកឧត្តម ទិត ចន្ថា បានគូសបញ្ជាក់ដែរថា ព្រឹត្តិការណ៍បុណ្យសមុទ្រ គឺជាព្រឹត្តិការណ៍មួយដ៏ធំជួយលើកស្ទួយវិស័យទេសចរណ៍ខេត្ត នឹងជួយបង្កើនប្រាក់ចំណូលដល់ប្រជាជន ក្នុងមូលដ្ឋានខេត្តកែប ម្យ៉ាងទៀតបុណ្យសមុទ្រនេះនឹងរួមចំណែកជួយផ្សព្វផ្សាយ ពីសក្តានុពលវិស័យទេសចរណ៍ក្នុងខេត្តកែប ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ឱ្យល្បីល្បាញស័ក្ដិសមជាតារារះនាទិសនិរតី ហើយក៏ជាព្រឹត្តិការណ៍មួយ ដែលជួយជំរុញឱ្យកំណើនសេដ្ឋកិច្ចខេត្តកែប កាន់តែរីកចម្រើនមួយកម្រិតទៀត។
ក្នុងនោះដែរឯកឧត្ដម បន្ថែមថា បុណ្យសមុទ្រនៅឆ្នាំនេះ មានការរៀបចំកម្មវិធីជាច្រើនដូចជា រត់ប្រណាំង និង ប្រដាល់គុណខ្មែរ មហោស្រពម្ហូបអាហារ តាំងពិព័រណ៍សមិទ្ធផលនានា និងការប្រគំតន្ដ្រីមហាជន ។ល។
ទោះយ៉ាងណា ឯកឧត្ដមក៏បានស្នើឱ្យរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធទាំងអស់ ជួយពិនិត្យសម្របសម្រួលរកទីតាំងណា ដែលស័ក្ដិសមសម្រាប់ប្រារព្ធពិធីបុណ្យសមុទ្រនេះ ហើយសូមឱ្យខិតខំកៀរគររកដៃគូធ្វើកិច្ចសហការជាមួយវិស័យឯកជន និងគ្រប់មន្ទីរពាក់ព័ន្ធ ដើម្បីឱ្យពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ប្រព្រឹត្តទៅដោយជោគជ័យ ៕


ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






