ឯកឧត្តម ឆាយ ឫទ្ធិសែន ជំរុញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដជួសជុលផ្លូវឡើងវិញជាបន្ទាន់ ក្រោយទឹកស្រក
- October 2, 2023
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឆាយ ឫទ្ធិសែន បានជំរុញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដជួសជុលផ្លូវឡើងវិញជាបន្ទាន់ ក្រោយទឹកស្រក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ។

ក្នុងឱកាសចុះពិនិត្យផ្លូវក្រាលក្រួសក្រហម ០១ខ្សែ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ប្រវែង ៩ ២០០ម៉ែត្រ មានទីតាំងតភ្ជាប់ពីភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ទៅភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង ត្រូវទឹកហូរកាត់ផ្ដាច់ជា ៣ កំណាត់ប្រវែងសរុប ២ ៣៥០ម៉ែត្រ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ បានណែនាំឲ្យថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការជួសជុលបន្ទាន់ជូនប្រជាពលរដ្ឋបានឆ្លងកាត់ជាបណ្ដោះអាសន្ន នៅពេលទឹកស្រកទៅវិញ និងគិតគូរស្ថាបនាជាថ្មីឡើងវិញនៅខ្សែផ្លូវដែលទទួលរងការខូចខាតទាំងស្រុង។
ជាមួយគ្នានេះ ឯកឧត្ដម បានផ្ដាំផ្ញើ និងផ្ដល់នូវអនុសាសន៍មួយចំនួនដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងពីរ ដូចខាងក្រោមនេះ៖
១- សូមឲ្យមន្ទីរបន្តពង្រឹង និងបង្កើនស្នាដៃថ្មីៗបន្ថែមទៀតលើអ្វីដែលមានស្រាប់ ធ្វើយ៉ាងណាសម្រេចឲ្យបាននូវគោលដៅអាទិភាពទាំង ៤របស់ក្រសួង ដើម្បីឲ្យស្របនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងចំណូលកំរិតខ្ពស់នៅឆ្នាំ ២០៥០។
២- ត្រូវរៀបចំឲ្យមានការប្រជុំត្រួតពិនិត្យការងារឲ្យបានទៀងទាត់(ប្រចាំខែ ត្រីមាស និងឆមាស) និងត្រូវប្រកាន់សមូហភាពជាធំ។
៣-ត្រូវរៀបចំបង្កើតឱ្យមានអ្នកនាំពាក្យមន្ទីរ ដើម្បីទំនាក់ទំនងផ្ដល់ព័ត៌មាន ពីគ្នាទៅវិញទៅមក ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងឱ្យបានទូលំទូលាយ។
និង៤- ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ មានការលើកទឹកចិត្តមន្រ្ដី ការដំឡើងកាំប្រាក់ ផ្តល់លិខិតសសើរ និងគ្រឿងឥស្សរយយសនានា ក៏ដូចជាចេះចែករំលែកមធ្យោបាយតាមលទ្ធភាពជាក់ស្តែង និងត្រូវយកចិត្តទុកដាក់ចំពោះមន្ត្រីដែលមានពិការភាពជាពិសេសស្ត្រីមានផ្ទៃពោះ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងនៅចុងខែកញ្ញា និងដើមខែតុលានេះ បានធ្វើឲ្យខេត្តចំនួន ១១ ទទួលរងផលប៉ះពាល់បណ្ដាលឱ្យខូចហេដ្ឋាចរនាសម្ព័ន្ធ និងសំណង់សិល្បការ្យ រួមមាន ខេត្តសៀមរាប ស្ទឹងត្រែង ត្បូងឃ្មុំ ពោធិ៍សាត់ មណ្ឌលគិរី កំពង់ធំ ព្រះវិហារ កណ្ដាល ក្រចេះ តាកែវ និងខេត្តព្រះសីហនុ។ ដោយឡែកនៅទូទាំងខេត្តពោធិ៍សាត់ផ្លូវជនបទដែលបានលិចលង់មាន ២៥ខ្សែស្មើនឹង ២៦៨ គីឡូម៉ែត្រ ក្នុងនោះលិចលង់ទាំងស្រុងប្រវែង ៣៨ គីឡូម៉ែត្រ ៕



ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






