ជប៉ុននឹងរៀបចំព្រឹត្តិការណ៍ “អាហារជប៉ុន” នៅប្រទេសថៃ អង់គ្លេស និងសិង្ហបុរី ស្របពេលចិនផ្អាកនាំចូលអាហារសមុទ្រពីជប៉ុនទាំងស្រុង
- BY
- Pheakdey
- October 2, 2023
ជប៉ុន៖ អាជ្ញាធរជប៉ុននឹងរៀបចំព្រឹត្តិការណ៍ “អាហារជប៉ុន” នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ក្នុងថ្ងៃសុក្រ និងនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងថ្ងៃអាទិត្យនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២ ខែតុលា។ ព្រឹត្តិការណ៍អាហារនេះត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយក្រុមហ៊ុន Tokyo Electric Power Company Holdings Inc (Tepco) សហការណ៍ជាមួយអាជ្ញាធរកសិកម្មនៃអាណាខេត្តហ្វូគូស៊ីម៉ា ប្រទេសជប៉ុន ខណៈគោលបំណងនៃការរៀបចំំកម្មវិធីដ៏ធំនេះគឺដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកថា អាហារសមុទ្ររបស់ជប៉ុនពិតជាមានសុវត្ថិភាព ១០០%សម្រាប់ទទួលទាន។

ប្រភពខាងលើបានបន្តថា បន្ទាប់ពីរៀបចំព្រឹត្តិការណ៍អាហារនៅក្នុងប្រទេសធំៗទាំង ២ខាងលើនេះហើយ អាជ្ញាធរជប៉ុនក៏គ្រោងនឹងកម្មវិធីស្រដៀងគ្នានេះក្នុងប្រទេសសិង្ហបុរីផងដែរ នៅក្នុងអំឡុងថ្ងៃទី ១១ ដល់ ១៣ ខែតុលា ដោយព្រឹត្តិការណ៍នោះនឹងក្លាយជាពិធីបុណ្យអាហារជប៉ុនធំជាងគេប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍។ គួរបញ្ជាក់ជូនថា ការសម្រេចរៀបចំព្រឹត្តិការណ៍អាហារពីសំណាក់អាជ្ញាធរជប៉ុននៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលដែលប្រទេសចិនបានសម្រេចហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុនទាំងស្រុងដើម្បីរក្សាសុវត្ថិភាពអ្នកទទួលទាន ក្រោយជប៉ុនបានផ្តើមបង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រផលិតថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិច៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






