លោក Sangho Jo នាយកប្រតិបត្តិក្រុមហ៊ុន Samsung ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី បានដឹកនាំប្រតិភូជាន់ខ្ពស់ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលទើបតែងតាំងថ្មី
- BY
- Naren
- October 2, 2023
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក Sangho Jo នាយកប្រតិបត្តិក្រុមហ៊ុន Samsung ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី បានដឹកនាំប្រតិភូជាន់ខ្ពស់ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនៃជំនួបពិភាក្សាគ្នានេះលោក Sangho Jo បានសម្តែងនូវការអបអរសាទរ និងកោតសរសើរលោកជំទាវដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់សេចក្តីទុកចិត្តតែងតាំងជារដ្ឋមន្រ្តីពាណិជ្ជកម្មក្នុងអាណត្តិទី៧នេះ។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា លោក Sangho Jo បានស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំច្បាប់ និងបទប្បញ្ញតិ្តផ្សេងៗដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជូនធុរជនទូទៅ។

ទន្ទឹមនេះ លោក Sangho Jo ក៏សូមថ្លែងអំណរគុណផងដែរ ចំពោះក្រសួងពាណិជ្ជកម្មដែលបានគាំទ្រដល់សកម្មភាពមនុស្សធម៌របស់ Samsung នាពេលកន្លងមក ដូចជា កម្មវិធីនវានុវត្តន៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កម្មវិធី Samsung Love & Care ដែលបានផ្តល់ជាសម្ភារៈសិក្សាដល់សិស្សក្រីក្រនៅខេត្តកំពង់ចាមនាពេលកន្លងមក។

ជាបន្តក្រុមហ៊ុន Samsung នៅតែយកចិត្តទុកដាក់សហការជាមួយក្រសួងក្នុងសកម្មភាពមនុស្សធម៌មួយចំនួនទៀត ដោយក្នុងឱកាសនេះ ក្រុមហ៊ុនសាមសុងអេឡិចត្រូនិកក៏បានផ្តល់ជូនក្រសួងនូវអង្ករចំនួន ១០តោន ជាអំណោយសប្បុរសធម៌សម្រាប់ក្រសួងចាត់ចែងតាមតម្រូវការ។

ក្រុមហ៊ុន សាមសុង នៅតែបន្តធ្វើគ្រប់យុទ្ធនាការទាំងអស់ដើម្បីគាំទ្រឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 ក្នុងពេលខាងមុខផងដែរ៕

- Share This Post:






