រថយន្តពាក់ផ្លាកលេខ «នគរបាល» បើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ត្រូវបានសមត្ថកិច្ចកោះហៅយកមកផាកពិន័យ និងដក៣ពិន្ទុ
- October 2, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងករណីរថយន្តពាក់ផ្លាកលេខ «នគរបាល» បើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម។

ក្រោយពីទទួលបានព័ត៌មានតាមរយៈបណ្ដាញ TikTok បានធ្វើការបង្ហោះផ្សព្វផ្សាយកាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឲ្យស្រាវជ្រាវករណីនេះជាបន្ទាន់។
ក្រោយមកសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរហូតដល់នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣៥នាទី បានរកឃើញអ្នកបើកបររថយន្តល្មើសម៉ាក Ford Ranger XLT ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2- 4365 បើកបរដោយលោកវរសេនីយ៍ទោ គង់ សុខា នាយរងការិយាល័យនរគបាលការពារបេតិកភណ្ឌ។ បន្ទាប់មកលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានកោះហៅអ្នកបើកបរល្មើស យកមកសាកសួរ និងផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម នូវទឹកប្រាក់ចំនួន១៥០០០០រៀល និងដក៣ពិន្ទុ។
ខណៈនោះក៏បានសុំគោលការណ៍ពីឯកឧត្តម ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ឱ្យលោកវរសេនីយ៍ទោ គង់ សុខា ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រូវបញ្ឈប់សកម្មភាពទាំងឡាយណាដែលជាអំពើខុសច្បាប់បង្កឱ្យប៉ះពាល់ដល់កិត្តិយសកងកម្លាំងនគរបាលជាតិ៕



- Share This Post:






