ម៉ាឡេស៊ីណែនាំឲ្យពលរដ្ឋខ្លួនត្រូវពាក់ម៉ាស់ឬកុំចេញក្រៅផ្ទះ ដើម្បីឆ្លើយតបនឹងបញ្ហាខ្យល់កខ្វក់
- BY
- Pheakdey
- October 3, 2023
ម៉ាឡេស៊ី៖ ក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានណែនាំឲ្យពលរដ្ឋខ្លួនគួរកុំចេញក្រៅផ្ទះបើគ្មានភារកិច្ចចាំបាច់ និងត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវបើសិនមានភារកិច្ចត្រូវធ្វើដំណើរតាមផ្លូវសាធារណៈ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣ ខែតុលានេះ។ សេចក្តីណែនាំខាងលើនេះមិនមែនជាវិធានការទប់ស្កាត់ការរាតត្បាតជំងឺឆ្លងអ្វីឡើយ តែវាគឺជាការឆ្លើយតបទៅនឹងបញ្ហាអាកាសធាតុអាក្រក់ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋម្នាក់ៗ។

បើតាមលោក Muhammad Radzi Abu Hassan អគ្គនាយកនៃក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា បញ្ហាខ្យល់កខ្វក់បានកំពុងកើតមានជាថ្មីនៅទូទាំងប្រទេស ជាពិសេសនៅតំបន់ប្រជុំជនដូចជាទីក្រុងជាដើម ខណៈនៅតំបន់ខ្លះវិញមានទាំងផ្សែងពុលនៅលាយលំក្នុងបរិយាកាសទៀតផង។ លោកបានបន្តថា ប្រសិនបើពលរដ្ឋគ្រប់រូបមិនយកចិត្តទុកដាក់ការពារខ្លួនចំពោះបញ្ហាខាងលើនេះទេ ពួកគេអាចប្រឈមនឹងបញ្ហាសុខភាពមួយចំនួន ជាពិសេសបញ្ហាផ្លូវដង្ហើមតែម្តង។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថាមានជនរងគ្រោះនៅឡើយទេ ខណៈពេលវេលាជាក់លាក់នៃការរលាយបាត់ទៅវិញនៃបញ្ហាអាកាសធាតុអាក្រក់នេះក៏នៅមិនទាន់មានការបញ្ជាក់នៅឡើយដែរ៕
អត្ថបទ៖ ភក្តីប្រភព៖ The Strait Time
- Share This Post:






