អន្តរជាតិ

ឥណ្ឌូនេស៊ី សម្រេចបិទសាលារៀននៅក្នុងទីក្រុងចាមប៊ី ជាបណ្តោះអាសន្នដោយសារបញ្ហាមានផ្សែងកខ្វក់នៅក្នុងបរិយាកាស

BY
Pheakdey
October 4, 2023

ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្រេចបិទសាលារៀនចំនួន ៣ថ្ងៃ ដើម្បីឆ្លើយតបទៅបញ្ហាមានផ្សែងកខ្វក់នៅក្នុងបរិយាកាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ។ វិធានការខាងលើនេះនឹងត្រូវអនុវត្តនៅក្នុងទីក្រុងចាមប៊ី ដែលស្ថិតនៅតំបន់ភាគខាងលិចនៃកោះស៊ូម៉ាត្រា ខណៈវិធានការនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីដើមសប្តាហ៍នេះតទៅ។

បើតាមលោក Syarif Fasha អភិបាលនៃគណៈអភិបាលក្រុងចាមប៊ីបានបញ្ជាក់ថា ក្នុងអំឡុងពេលបិទសាលារៀននេះគឺក្រុមកូនសិស្សទាំងអស់អាចនៅបន្តការសិក្សាតាមប្រព័ន្ធ Online បាន ខណៈវិធានការបិទសាលាក៏អាចបន្តជាច្រើនថ្ងៃបន្ថែមទៀតផងដែរក្នុងករណីដែលបញ្ហាអាកាសធាតុនៅមិនទាន់មានភាពល្អប្រសើរ។ លោកអភិបាលក្រុងរូបនេះបានបន្តថា បញ្ហាបរិកាសខាងលើនេះបានបង្កឡើងដោយសារមានភ្លើងឆេះពពួករុក្ខជាតិដែលងាប់ៗ ឬពុកផុយនៅតាមតំបន់ជាច្រើននៅជុំវិញទីក្រុង ខណៈបញ្ហានេះក៏បានជះឥទ្ធិពលខ្លះៗដល់ប្រទេសម៉ាឡេស៊ីនិងប្រទេសសិង្ហបុរីផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: