អាជ្ញាធរតៃវ៉ាន់សម្រេចផ្អាកការងាររាប់លានកន្លែង ក្រោយព្យុះទីហ្វុង Koinu បានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋជាង ១៩០នាក់
- BY
- Pheakdey
- October 5, 2023
តៃវ៉ាន់៖ អាជ្ញាធរតៃវ៉ាន់បានសម្រេចបិទកន្លែងធ្វើការងារចំពោះពលរដ្ឋរាប់លាននាក់ជាបណ្តោះអាសន្នក្រោយព្យុះទីហ្វុង Koinu បានបង្កឲ្យមានគ្រោះថ្នាក់ចំពោះពលរដ្ឋជាង ១៩០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលានេះ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានជនរងគ្រោះរហូតត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ។
ប្រភពខាងបានបន្តថា ក្រៅតែពីបានបិទកន្លែងធ្វើការងាររាប់លានកន្លែងហើយអាជ្ញាធរតៃវ៉ាន់ក៏បានសម្រេចបិទសាលារៀនជាច្រើនកន្លែងនៅតំបន់ភាគខាងត្បូងកោះ ផ្អាកជើងហោះចំនួន ៤២ជើង និងបិទផ្លូវទឹកសម្រាប់នាវាធំៗធ្វើដំណើរឆ្លងកាត់ចំនួន ១២កន្លែងជាបណ្តោះអាសន្នសិនផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះព្យុះទីហ្វុង Koinu បានកំពុងធ្វើដំណើរឆ្លងកាត់កោះតៃវ៉ាន់ក្នុងល្បឿន ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈនៅតាមតំបន់ឆ្នេរសមុទ្រមួយចំនួនត្រូវជួបប្រទះនូវបញ្ហាបាក់ដីយ៉ាងឆាប់រហ័សទៀតផង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






