ដំណឹងល្អ! អភិបាលខេត្តកោះកុង ប្រកាសផ្ដល់ថវិកាម្នាក់ចំនួន ៤លានរៀល សម្រាប់សិស្សណាដែលប្រឡងជាប់និទ្ទេស A
- October 4, 2023
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីជូនដំណឹងដល់ក្មួយៗ សិស្សានុសិស្សថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ជ្រាបថា៖

ក្នុងឱកាស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃ គណៈអភិបាលខេត្តកោះកុង សូមលើកទឹកចិត្តដល់ប្អូនៗ និងក្មួយៗសិស្សានុសិស្សទាំងអស់ឱ្យខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រឡងដោយយកចំណេះដឹង សមត្ថភាពផ្ទាល់ខ្លួនជាមូលដ្ឋាន ដោយមិនត្រូវពឹងផ្អែក លើការលួចចម្លង ពីសំណៅឯកសារផ្សេងៗ ឬការលួចចម្លងពីអ្នកដ៏ទៃនោះឡើយ។
ជាមួយគ្នានេះដែរ លោកជំទាវសូមអំពាវនាវដល់មាតា បិតា អាណាព្យាបាលសិស្សគ្រប់រូប សូមជួយណែនាំ កូន ចៅ របស់ខ្លួន ឱ្យយកអស់សមត្ថភាព ក្នុងការប្រឡងនេះ ដោយត្រូវគោរពបទបញ្ជ ផ្ទៃក្នុង និងគោលការណ៍ណែនាំនានាសម្រាប់ការប្រឡង ហើយមិនត្រូវចាញ់ឧបាយកលទុច្ចរិត របស់ ជនខិលខូចមួយចំនួនពាក់ព័ន្ធនឹងការរត់ការក្នុងការប្រឡងជាដាច់ខាត។
ឆ្លើយតបនឹងការខិតខំសិក្សា រៀនសូត្ររបស់ក្មួយៗ លោកជំទាវអភិបាលខេត្ត នឹងផ្តល់ថវិកា លើកទឹកចិត្តដល់ប្អូនៗ និងក្មួយៗសិស្សានុសិស្សណាដែលប្រឡងជាប់និទ្ទេសA ក្នុងម្នាក់ៗចំនួន ៤,០០០,០០០៛ (បួនលានរៀលគត់) ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង
- Share This Post:






