អន្តរជាតិ

តុលាការថៃសម្រេចចោទប្រកាន់ជនល្មើសដែលបានបើកការបាញ់ប្រហារនៅផ្សារទំនើប Siam Paragon ចំនួន ៥ករណី

BY
Pheakdey
October 5, 2023

ថៃ៖ តុលាការថៃសម្រេចចោទប្រកាន់យុវជនវ័យ ១៤ឆ្នាំ ដែលបានបើកការបាញ់ប្រហារនៅក្នុងផ្សារទំនើប Siam Paragon កាលពីថ្ងៃអង្គារកន្លងទៅថាបាន ប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌចំនួន ៥ករណីផ្សេងគ្នា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅល្ងាចថ្ងៃពុធ ទី៤ ខែតុលានេះ។ បទល្មើសទាំង ៥នោះរួមមាន បទឃាតកម្មគិតទុកជាមុន ប៉ុនប៉ងមនុស្សឃាត កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត កាន់អាវុធនៅទីសាធារណៈដោយគ្មានការអនុញ្ញាត និងបាញ់កាំភ្លើងនៅកន្លែងសាធារណៈដោយគ្មានការអនុញ្ញាត។

ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងធ្វើការចោទប្រកាន់ខាងលើនេះតុលាការថៃ ក៏បានសម្រេចឲ្យឃ្មុំខ្លួនជនល្មើសនៅឯមជ្ឈមណ្ឌលឃុំខ្លួនអនីតិជន (Juvenile Detention Centre) ជាបណ្តោះអាសន្នសិនផងដែរ ខណៈជនល្មើសអាចប្រឈមនឹងការទទួលទោសជាប់ពន្ធនាគារជាច្រើនឆ្នាំ។ គួររម្លឹកជូនថា នៅក្នុងហេតុការណ៍បាញ់ប្រហារនោះគឺបានបណ្តាលឲ្យមានស្រ្តីចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ៥នាក់ផ្សេងទៀតបានរងរបួស។ ក្រៅតែពីបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សហើយ ហេតុការណ៍អកុសលនេះក៏បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសថៃនៅក្នុងឆាកអន្តរជាតិផងដែរ ដ្បិតវាបានធ្វើសាធារណៈជនទូទៅគិតថា ថៃជាប្រទេសដែលមិនសូវមានសុវត្ថិភាព៕

អត្ថបទ៖ ភក្តី

ប្រភព៖ National Thailand

Share This Post: