ខេត្តបន្ទាយមានជ័យ នឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន HPV ដល់កុមារីអាយុ ៩ឆ្នាំ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២០ ខែតុលា
- October 5, 2023
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន HPV ដល់កុមារីអាយុ ៩ឆ្នាំ ក្នុងខេត្តបន្ទាយមានជ័យ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនសាធារណជន មាតាបិតា អាណាព្យាបាល ទាំងអស់ ជ្រាបថា ខេត្តបន្ទាយមានជ័យ នឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ចំពោះ កុមារីអាយុ៩ឆ្នាំ ដែលមានឈ្មោះរួចរាល់ក្នុងបញ្ជីសម្រង់របស់អង្គភាពសុខាភិបាល នៅតាមបណ្តាសាលា បឋមសិក្សា នៅតាមសហគមន៍ និងមណ្ឌលសុខភាពទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ ដែលនឹងចាប់ ផ្តើមអនុវត្តពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សង្ឃឹមយ៉ាងមុតមាំលើស្មារតីចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការនាំកូនៗកុមារីដែលមានអាយុ៩ឆ្នាំ មកទទួលនូវការចាក់វ៉ាក់សាំងការពារ ជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ នៅតាមសាលាបឋមសិក្សា និងមណ្ឌលសុខភាពទាំងអស់ ដែលស្ថិតនៅក្រោមមូលដ្ឋានគ្របដណ្តប់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការ ឆ្លងជំងឺមហារីកមាត់ស្បូន។

- Share This Post:






