ព្រះមហាក្សត្រមានជំនឿថា ក្រោមដំបូលរដ្ឋធម្មនុញ្ញគ្រប់ស្ថាប័នជាតិ នឹងបន្តបំពេញ ភារកិច្ចតាមតួនាទីរបស់ខ្លួន ដើម្បីធានាដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០ក្លាយជាប្រទេសរីកចម្រើនរឹងមាំ
- October 6, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះរាជឱង្ការ និងសម្ដែងនូវជំនឿយ៉ាងមុតមាំថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័នជាតិ នឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិ ឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍជាតិឆ្នាំ២០៣០និងឆ្នាំ២០៥០ ក្លាយជាប្រទេសរីកចម្រើនរឹងមាំ ប្រជារាស្ត្រខ្មែរមានជីវភាពធូរធារសម្បូណ៌រុងរឿងរស់ក្នុងសុខសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តទៅ។

ក្នុងខណៈស្ដេចយាងជាព្រះជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រ ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជឱង្ការ កោតសរសើរដោយស្មោះអស់ពីហឫទ័យចំពោះ សម្តេច ឯកឧត្តម និងលោកជំទាវ ប្រធាន និងសមាជិក សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញ គ្រប់អាណត្តិដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងសតិសម្បជញ្ញៈ ដើម្បីគុណប្រយោជន៍នៃឯករាជ្យជាតិបូរណភាពទឹកដី អធិបតេយ្យភាព សន្តិភាព សេចក្តីសុខជីវភាពសម្បូណ៌សប្បាយថ្កុំថ្កើងរុងរឿងរបស់ប្រជាជាតិ ខ្មែរ និងស្ថិរភាពសង្គម ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
ព្រះអង្គមានព្រះរាជឱង្ការបន្តថា ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងស្ថាប័ន កំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេល បោះឆ្នោតសកល និងអសកលម្ដងៗ ឱ្យមានដំណើរការយ៉ាងរលូន ក្រោមការដឹកនាំប្រកបដោយមគ្គុទ្ទេសក៍ភាពដ៏ប៉ិនប្រសប់ ឈ្លាសវៃ ទន់ភ្លន់ត្រឹមត្រូវ-យុត្តិធម៌តែម៉ឹងម៉ាត់ និងមានទេពកោសល្យប្រកបដោយបរិយាបន្ន របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា បច្ចុប្បន្នជាប្រធានកិត្តិយសនៃក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ រក្សាបាននូវសាមគ្គីដ៏រឹងមាំ ធ្វើសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ស្មោះត្រង់និងជឿជាក់គ្នាទៅវិញទៅមក មានសុខដុមភាព ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ រហូតទទួលបានជោគជ័យយ៉ាងធំធេងលើគ្រប់វិស័យ ឈានទៅ ទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ព្រះករុណាព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណ និងកោតសរសើរជាទីបំផុត ចំពោះ សម្តេចវិបុល សេនាភក្តី សាយ ឈុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សហស្ថាបនិកដ៏អស្ចារ្យ ប៉ិនប្រសប់ និងឈ្លាសវៃ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើការផ្តួចផ្តើមឱ្យមានការរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ឡើងមក។ ក្រោយសេចក្តីព្រាងបានរៀបចំរួចរាល់ហើយ គណៈប្រតិភូជាន់ខ្ពស់មួយ ដែលមានការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ មានឥស្សរជនមួយចំនួន ជាក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងខែសីហា ឆ្នាំ១៩៩៣ បានធ្វើដំណើរទៅព្រះរាជដំណាក់នៅទីក្រុង ព្យុងយ៉ាង នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដើម្បីឆ្លងព្រះរាជតម្រិះចុងក្រោយ អំពីព្រះករុណាព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ពេលបានទទួលការប្រោសព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតដែលឆ្លងរួចហើយនោះក៏បានយកសេចក្ដីព្រាងរដ្ឋធម្មនុញ្ញនេះ មកឆ្លងការអនុម័តរបស់សភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ទើបកើតចេញជារដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិរហូតមកដល់បច្ចុប្បន្ន និងបន្តទៅមុខទៀត ដែលត្រូវបានគោរពនិងប្រតិបត្តិតាមច្បាប់កំពូលនេះរហូតមក ដែលយើងទាំងអស់គ្នា កំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំជាទិវាប្រកាសរដ្ឋធម្មនុញ្ញ។ ហើយសភាធម្មនុញ្ញបានត្រឡប់មកជារដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មក។ ឆ្លៀតក្នុងឱកាសនេះដែរ ព្រះអង្គសម្តែងនូវការកោតសរសើរ និងដឹង គុណចំពោះបញ្ញវ័ន្ត បញ្ញវន្តីផ្នែកច្បាប់ជាតិ និងអន្តរជាតិគ្រប់រូប ដែលបានខិតខំប្រឹងប្រែង ប្រកបដោយការលះបង់ខ្ពស់ ជួយរៀបចំតាក់តែងសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញជាតិនេះកាលពី ៣០ឆ្នាំមុន។
បើតាមឯកឧត្ដមកិត្តិនីតិកោសល្យបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា កម្ពុជាប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញក្នុងឆ្នាំ១៩៩៣ និងជាលើកទីពីរក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន ស្របតាមឆន្ទៈរបស់ប្រជារាស្ត្រខ្មែរ។ក្នុងរយៈពេល៣០ឆ្នាំមកនេះ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ កម្ពុជាបានវិវត្តន៍ពីដំណាក់កាលបង្កើតឡើងវិញ មកកាន់ដំណាក់កាលស្ថិរភាព កិត្យានុភាព និងនិរន្តរភាព ក្នុងទម្រង់ជារាជានិយមជឿនលឿន ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របនិងបរិបទនៃសង្គមខ្មែរ។ របបរាជានិយមបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ និងធ្វើឱ្យកាន់តែរីកចម្រើន សាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អ រាប់ពាន់ឆ្នាំរបស់ព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បានទទួលការគោរពលើកតម្កើងដ៏ខ្ពង់ខ្ពស់ពីគ្រប់ស្ថាប័នជាតិ និងស្វាមីភ័ក្ដ្រយ៉ាងជ្រាលជ្រៅបំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស ដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ជាតិ ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។
គួរបញ្ជាក់ដែរថា ក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះដែរ ក៏មានការយាងនិងអញ្ជើញចូលរួម របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានរដ្ឋសភា និងមានការចូលរូមពីសមាជិក សមាជិការ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាអង្គទូតនៃប្រទេសជាមិត្តប្រចាំនៅកម្ពុជា មន្ត្រីតាមស្ថាប័នពាក់ព័ន្ធជាច្រើនទៀត៕





ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






